ក្រុងកោះរ៉ុងរៀបចំ «ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ឆ្នាំ២០២៦» ដើម្បីជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសបើកជាផ្លូវ ការដោយលោក សាមុត សុធារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង បានអោយដឹងថាព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ មិនត្រឹមតែជាសកម្មភាពកីឡាដើម្បីលើកកម្ពស់សុខភាព កាយសម្បទា និងសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែស្មារតីសំខាន់ក្នុងការពមូលផ្ដុំរវាង កីឡា ទេសចរណ៍ វប្បធម៌ សហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងត្រូវបានរៀប ចំឡើងស្របតាមគោលដៅ និងទិសដៅរបស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ សេវាកម្ម ផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកលេងកម្សាន្ត ស្នាក់នៅក្រុងកោះរ៉ុង កាន់តែច្រើនឡើងបន្ថែមទៀត។

នាឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើង គឺដើម្បីផ្សារភ្ជាប់វាងកីឡាទេសចរណ៍ ដើម្បីសុខភាព សាមគ្គីភាព និងការអភិវឌ្ឍមូលដ្ឋាន។ ជាពិសេស គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ព្រមទាំងជំរុញយុទ្ធនាការទេសចរណ៍ជាតិក្រោមប្រធានបទ «កម្ពុជា៖ គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរស់រវើកស្វាគមន៍»។  លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងបណ្តុះស្មារតីលេងកីឡាឱ្យបានជាប់លាប់ ពិសេសគឺទាក់ទងនឹងរបៀបរស់នៅ និងការថែទាំសុខភាពផ្ទាល់ខ្លួន ទប់ស្កាត់ពីជំងឺផ្សេងៗទៀតផងដែរ។  លោកអភិបាលរង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការរៀបចំការប្រកួត ដែលបានសហការជាមួយរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងការរៀបចំកម្មវិធីនេះឡើងនៅលើឆ្នេរខ្សាច់ ការប្រណាំងទូកាកាយ៉ាក់ និងការរត់តាមឆ្នេរ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានរយៈពេល៣ថ្ងៃនេះ បានប្រមូលផ្តុំដោយកីឡាជាច្រើនដូចជា៖ រត់ប្រណាំឧបសគ្គ កីឡាបាល់ទះលើឆ្នេរខ្សាច់ ការប្រកួតអ៊ុំទូកកៃយ៉ាក់នៅសហគមន៍ព្រែកកោងកាង និងការរត់តាមឆ្នេរ (កំសាន្តតាមភ្លេង) និងក្បួនដង្ហែម៉ូតូទឹកបី….។

អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ពពក