មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យព្រះកេតុមាលា …
មន្ទីរពេទ្យព្រះកេតុមាលា បានរៀបចំ «ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ» ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា
នៅអាគាបេះដូង និងសសៃឈាម នៃមន្ទីពេទ្យព្រះកេតុមាលា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ព្រំ វិសេស នាយករងមន្ទីរពេទ្យព្រះកេតុមាលា មានប្រសាសន៍ថា មន្ទីរពេទ្យព្រះកេតុមាលា ជាមន្ទីរពេទ្យធំជាងគេបង្អស់របស់កងយោធពលខេមរភូមិន្ទ នឹងសំខាន់មួយដែលមានឯកទេសច្រើនផ្នែក និងតួនាទីសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ព្រមទាំងការសង្គ្រោះ និងព្យាបាលយោធិនរងរបួស ឬមានជំងឺ។ លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ព្រំ វិសេស បានឲ្យដឹងទៀតថា មន្ទីរពេទ្យព្រះកេតុមាលា មានភារៈកិច្ចដូចជា៖ ១.ការពិនិត្យ-ព្យាបាល និងជំងឺឯកទេស ផ្តល់សេវាពិគ្រោះជំងឺក្រៅនិងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ផ្តល់សេវាសង្គ្រោះបន្ទាន់ និងសង្គ្រោះជីវិត ផ្តល់សេវាវិនិច្ឆ័យ ដូចជា កាំរស្មីអ៊ិច អេកូបេះដូង CTស្កេន MRI DSA និងការពិនិត្យនៅមន្ទីរពិសោធន៍។ ២.ការថែទាំសុខភាពយោធិន។ ៣.សេវាឯកទេសសំខាន់ៗ មន្ទីរពេទ្យមានសេវាឯកទេសជាច្រើនរួមមាន៖ ជំងឺបេះដូងនិងសរសៃឈាម វះកាត់បេះដូង ប្រព័ន្ធប្រសាទ វះកាត់ខួរក្បាល ឆ្អឹងខ្នង វះកាត់ទូទៅ និងឆ្អឹងគ្រប់ប្រភេទ ជំងឺក្រពះ ពោះវៀន ឬសដូងបាត (វះកាត់ដោយដៃនិងដោយម៉ាស៊ីន Endoscope) ការវះកាត់ដោយចោះយកគ្រាប់គ្រួសនិងដាក់ស្ទែកបំពង់បង្ហូរផ្លូវប្រមាត់ ជំងឺតម្រងនោមនិងលាងឈាម ចោះបង្ហូរនិងបិត វះកាត់បន្សំសរីរាង្គ ENT, ភ្នែកនិងមាត់ធ្មេញ សម្ភពនិងរោគស្ត្រី និងការវះកាត់ដោយដៃនិងដោយចោះ Endoscope.។ ៤.ការអប់រំនិងបណ្តុះបណ្តាលវេជ្ជបណ្ឌិតគិលានុបដ្ឋាកនិងបុគ្គលិកសុខាភិបាល(ឯកជននិងរដ្ឋ)។ ៥.ការសង្គ្រោះបន្ទាន់និងសង្គ្រោះជីវិត ជាពិសេសការគ្រប់គ្រង Trauma, ICU, ជំងឺបេះដូងធ្ងន់ធ្ងរ, និងផ្តល់នូវស្ថានភាព សង្គ្រោះបន្ទាន់ដើម្បីកាត់បន្ថយការស្លាប់និងពិការភាព។ល។ ៦.កិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យក៏មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសុខាភិបាលនិងមន្ទីរពេទ្យយោធារបស់ប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សបច្ចេកទេសឧបករណ៍វេជ្ជសាស្ត្រ និងសេវាព្យាបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា មានប្រសាសន៍ថា បងប្អូនគ្រូពេទ្យយោធា មិនត្រឹមតែជាអ្នកបំពេញភារកិច្ចក្នុងការការពារជាតិមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកងទ័ពអាវស ដែលមានបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជីវិតមនុស្ស និងកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ។ ការលះបង់កម្លាំងកាយចិត្ត ពេលវេលា និងការបំពេញភារកិច្ចក្នុងស្ថានភាពលំបាកនានា គឺជាគុណតម្លៃដ៏គួរឱ្យគោរព និងជាគំរូដ៏ល្អសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។ ទោះបីជាគ្រូពេទ្យយោធា និងគ្រូពេទ្យស៊ីវិលមានឯកសណ្ឋាន និងបរិបទការងារខុសគ្នាក៏ដោយ ប៉ុន្តែយើងមានបេសកកម្មរួមតែមួយ គឺការថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិតមនុស្ស ដោយគ្មានការរើសអើង និងដោយប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ សមធម៌ និងយុត្តិធម៌។ ឯកឧត្តម ឡឹម តារា បានបន្តថា
យើងអាចមានឯកសណ្ឋានខុសគ្នា ប៉ុន្តែយើងមានបេះដូងតែមួយ គឺបេះដូងរបស់គ្រូពេទ្យដែលតែងតែ យកជីវិត សុខភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺជាអាទិភាព។ គោលបំណងនៃអង្គពិធី និងសារៈសំខាន់នៃច្បាប់ក្រមសីលធម៌ ពិធីផ្សព្វផ្សាយនាថ្ងៃនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់គ្រូពេទ្យអំពីច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌គ្រូពេទ្យ និង ភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ជាក់ស្តែង អង្គពិធីនេះមានគោលបំណងសំខាន់ៗចំនួនបួននរួមមាន៖ ទី១៖ពង្រឹងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ទី២៖លើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ទី៣៖ពង្រឹងសមត្ថភាពទំនួលខុសត្រូវ និងគណនេយ្យភាពរបស់គ្រូពេទ្យ។ ទី៤៖ជំរុញការកសាងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ និងគ្រូពេទ្យថ្លៃថ្នូរ។ ឯកឧត្តមបានបន្តទៀតថា ការគោរពច្បាប់ និងក្រមសីលធម៌ មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមនសិការវិជ្ជាជីវៈ ការគោរពជីវិតមនុស្ស និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកជំងឺដោយស្មោះត្រង់។ ឯកឧត្តមបានលើកឡើងថា ដើម្បីពង្រឹងទំនុកចិត្តសាធារណជនលើគ្រូពេទ្យខ្មែរ មានសារគន្លឹះចំនួនប្រាំ៖ ទី១៖សមត្ថភាពបង្កើតទំនុកចិត្ត ទី២៖សីលធម៌រក្សាទំនុកចិត្ត ទី៣៖មនុស្សធម៌ធ្វើឱ្យទំនុកចិត្តកាន់តែរឹងមាំ ទី៤៖គណនេយ្យភាពធានានូវភាពជឿជាក់ ៥៖សាមគ្គីភាពវិជ្ជាជីវៈកសាងកិត្តិយសជារួមផងដែរ៕


