មាត់ថាយល់ព្រមក្នុងកិច្ចចរចាសន្តិភាពត្រីភាគី ប៉ុន្តែដៃរបស់រុស្ស៊ីបែរជាបាញ់មីស៊ីលផ្លោងនិងយន្តហោះ Drone វាយប្រហាររដ្ឋធានី Kyiv របស់អ៊ុយក្រែនទៅវិញ

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីទៅលើរដ្ឋធានីកៀវ ដោយប្រើមីស៊ីលផ្លោង និងយន្តហោះ Drone កាលពីយប់មិញនេះបានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និង ២២ នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារមកលើទីក្រុងកៀវនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវិមានក្រឹមឡាំងបានយល់ព្រមចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរ។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនេះបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីតាំងស៊ីវិលផ្សេងទៀតនៅក្នុងស្រុកមួយចំនួនរបស់ទីក្រុង។ នៅស្រុក Dniprovskyi ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេ Dnipro មានមនុស្សម្នាក់ស្លាប់ និង ៦ នាក់រងរបួស (ក្នុងនោះមានកុមារម្នាក់ដែរ) ខណៈដែលអគ្គិភ័យបានឆាបឆេះឡើងសន្ធោសន្ធៅ។ កាលពីថ្ងៃពុធកន្លងទៅ លោក Yuri Ushakov ទីប្រឹក្សាផ្នែកកិច្ចការបរទេសនៃវិមានក្រឹមឡាំង បានថ្លែងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រម «ជាគោលការណ៍» ដើម្បីបន្តកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីថ្ងៃទី ១០ ខែវិច្ឆិកានេះ ពោលគឺមួយសប្តាហ៍ក្រោយនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ និងបន្ទាប់ពីលោក Putin បានជួបជាមួយលោក Steve Witkoff ដែលជាតំណាងរបស់សហរដ្ឋអាមេរិក នៅទីក្រុង St. Petersburg។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានគាំទ្រនូវការជំរុញឱ្យមានកិច្ចចរចាជាថ្មីនេះ ប៉ុន្តែលោកក៏បានបង្ហាញពីការប្រុងប្រយ័ត្នផងដែរ។ លោកបាននិយាយថា «យើងនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅពេលនេះ» មុនពេលសំឡេងជូនដំណឹងអំពីការវាយប្រហារដោយមីស៊ីលបានបន្លឺឡើងនៅទូទាំងទីក្រុងកៀវ៕

សម្រួលអត្ថបទ៖ សុផារិន្ទ