មនុស្សរាប់ពាន់នាក់នៅទីក្រុងវីយែនបានដើរដង្ហែក្បួនដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយថវិកានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសអូទ្រីស
មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួនកាត់ទីក្រុងវីយែន ដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយថវិកានៅតាមសាកលវិទ្យាល័យនានា។ យោងតាមក្រុមអ្នករៀបចំការតវ៉ាបានឲ្យដឹងថា មានអ្នកចូលរួមតវ៉ារហូតដល់ ៥០.០០០នាក់។ អ្នកចូលរួមបានលើកបដាដែលមានសរសេរពាក្យថា «ការកាត់បន្ថយថវិកានៅថ្ងៃនេះ នឹងក្លាយជាវិបត្តិនៅថ្ងៃស្អែក» ឬ «the cuts of today are the crises of tomorrow”។ លោក Andreas Kretschmer ដែលជាអ្នកស្រាវជ្រាវ និងជាបណ្ឌិតផ្នែករូបវិទ្យាសម្ភារៈ ឬ (material physics) បាននិយាយថា៖ សាកលវិទ្យាល័យនានាបានចូលរួមចំណែកយ៉ាងច្រើនរួចមកហើយ តាមរយៈការកាត់បន្ថយប្រាក់បៀវត្សរ៍របស់បុគ្គលិក។ លោកថា៖ វិធានការនេះពិតជាជួយសន្សំប្រាក់បានរាប់រយលានអឺរ៉ូមែន។ ដូច្នេះ សាកលវិទ្យាល័យបានបំពេញតួនាទីរបស់ខ្លួនហើយ។ ប៉ុន្តែអ្វីដែលពួកគេទាមទារពីយើងនៅពេលនេះ គឺច្រើនហួសហេតុពេក ហើយវានឹងធ្វើឱ្យយើងបាត់បង់ការងារដែរ»។ លោកបានថ្លែងបែបនេះ ខណៈកំពុងលើកបដាមួយដែលមានខ្លឹមសារលេងសើចដោយយោងទៅលើភាពយន្តបែបវិទ្យាសាស្ត្ររឿង «They Live»។ ការកាត់បន្ថយថវិកាដែលបានគ្រោងទុកនេះ មានន័យថា សាកលវិទ្យាល័យបច្ចេកទេសទីក្រុងវីយែន (TU Vienna) នឹងទទួលបានថវិកាប្រចាំឆ្នាំតិចជាងមុនចំនួន ៦០ លានអឺរ៉ូឯណោះ។ អ្នកតវ៉ាផ្សេងទៀតបានចង្អុលបង្ហាញថា បុគ្គលិកសាកលវិទ្យាល័យភាគច្រើនមានកិច្ចសន្យាការងារក្រៅម៉ោង ឬធ្វើការជាអ្នកឯករាជ្យ (freelancers)។ អ្នកស្រី Sabine Weiß ដែលបម្រើការជាជំនួយការនៅសាកលវិទ្យាល័យមួយ បាននិយាយថា៖ យើងលែងមានលក្ខខណ្ឌការងារល្អប្រសើរទៀតហើយ។ ក្នុងពេលជាមួយគ្នានេះ ក៏មានការវាយប្រហារទៅលើនិស្សិតផងដែរ ដោយពួកគេគ្រោងនឹងដាក់ឱ្យបង់ថ្លៃសិក្សាម្តងទៀត។ យើងត្រូវតែតស៊ូប្រឆាំងនឹងរឿងនេះ»។ ក្រុមអ្នករៀបចំការដង្ហែក្បួនបានបញ្ជាក់ថា ពួកគេមិនបដិសេធលើលទ្ធភាពនៃការធ្វើបាតុកម្មតវ៉ាបន្ថែមទៀតនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


