ឯកឧត្តម អ៊ុក រ៉ាប៊ុន អនុញ្ញាតិឲ្យតំណាងអង្គការ FAO ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកស្រី Rebekah Bell តំណាងអង្គការ FAO  បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងជំរាបលាជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្នុងជំនួបនោះ Rebekah Bell តំណាងអង្គការ FAO បានកោតសសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលសមិទ្ធផលនេះកើតចេញការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដោយផ្ទាល់។ លោកស្រី Rebekah Bell តំណាងអង្គការ FAO បានលើកឡើងអំពីផែនការយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨ របស់អង្គការស្បៀងអាហារពិភពលោក ដែលស៊ីគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងដែលត្រូវយកមកសហការអនុវត្តជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមគាំទ្ររាជរដ្ឋាភិបាលដើម្បីសម្រេចឲ្យបាននូវគោលដៅក្លាយជាប្រទេសមានចំនូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។ លោកស្រី បញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ គឺជាដៃគូជាមួយអង្គការ FAO រយៈពេលជាយូឆ្នាំមកហើយ ហើយFAO នឹងបន្តកិច្ចសហការនេះបន្តទៀត ដើម្បីសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិដែលមានជាបន្តរបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់អង្គការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នកដឹកនាំ និងការលះបង់របស់អ្នកនាង។ ក្រោមការដឹកនាំរបស់អ្នកនាង ក្រុមប្រឹក្សា CARD និងអង្គការ FAO បានពង្រឹងភាពជាដៃគូជាមួយគ្នា និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងរបបអាហារដែលមានសុខភាពល្អ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ឯកឧត្តមបណ្ឌិតសភាចារ្យបានកោតសរសើរយ៉ាងខ្ពស់ចំពោះតួនាទីដឹកនាំរបស់អង្គការ FAO ក្នុងនាមជាសហសម្របសម្រួលនៃដៃគូអភិវឌ្ឍន៍ នៅក្នុងក្រុមការងារបច្ចេកទេសស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។