ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «ការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលទាំងមូលនៅកម្ពុជា» ក្នុងកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ នៅសាធារណរដ្ឋហ្វីលីពីន
នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «ការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលទាំងមូលនៅកម្ពុជា» (Whole-of-Government Legal Reform in Cambodia) ក្នុងវគ្គទី២ ស្តីពី «ការសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលដើម្បីការកែទម្រង់៖ សកម្មភាពរួមគ្នាសម្រាប់ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការធ្វើសាមញ្ញកម្ម» (Aligning Government for Reform: Coordinated Action for Regulatory Burden Reduction and Simplification) នៃកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីភាពស្មុគស្មាញទៅរកភាពច្បាស់លាស់៖ រួមគ្នាជំរុញការធ្វើសាមញ្ញកម្ម» (Complexity to Clarity: Advancing Simplification Together) ដោយផ្តោតលើការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ក្នុងការកែលម្អគុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។
ការធ្វើបទឧទ្ទេសនាមរបស់ឯកឧត្តម លី ច័ន្ទតុលា ក្នុងវេទិកាអន្តរជាតិនេះ គឺជាឱកាសក្នុងការចែករំលែកទស្សនាទាន និងបទពិសោធរបស់កម្ពុជាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់នៅក្នុងរដ្ឋាភិបាលទាំងមូល ដែលផ្តោតលើការសម្របសម្រួល និងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា៕


