រដ្ឋសភាគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ក្រូអាស៊ី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទាំងពីរនិងអន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman) រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានសម្តែងសេចក្ដីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជា នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជិត ៧ ទសវត្សរ៍មកនេះ ឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត។
ក្នុងនាមពលរដ្ឋកម្ពុជា សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងនូវឆន្ទៈមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រូអាស៊ី ជាមួយកម្ពុជា ឱ្យបានកាន់តែល្អប្រសើរថែមទៀតលើគ្រប់វិស័យ ដោយយកប្រជាពលរដ្ឋជាស្នូល។
ឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ឯកឧត្តមនៅក្នុងឱកាសនេះ។
ឯកឧត្តមបណ្ឌិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី និងបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។
ឯកឧត្តមបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានបង្ហាញពីឆន្ទៈនយោបាយមុតមាំនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត ដែលរង់ចាំតែការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗទៀត ដើម្បីអនុវត្តជាក់ស្តែងលើស្មារតី ដែលបានព្រមព្រៀងគ្នាហើយនោះ។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា កម្ពុជានិងក្រូអាស៊ី មានលក្ខណៈស្រដៀងគ្នាជាច្រើន ពិសេសជាប្រទេសតូចនិងធ្លាប់ទទួលរងគ្រោះពីការឈ្លានពានពីរដ្ឋខាងក្រៅដូចគ្នា។ កម្ពុជាជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា ការចែករំលែកបទពិសោធនិងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ បានពិភាក្សាគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងជឿទុកចិត្ត លើបញ្ហាប្រឈមរបស់សកលលោក ពិសេសការធ្លាក់ចុះសណ្តាប់ធ្នាប់សកល។
សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមប្រទេសតូចដូចគ្នា កម្ពុជានិងក្រូអាស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការទូតសភា ពង្រឹងពហុភាគីនិយម ដើម្បីជាខែលការពារពីព្រោះបច្ចុប្បន្ននេះមានការលេចឡើងនូវទស្សនៈដែលថា ប្រទេសធំត្រូវតែឈ្នះ។
ក្រៅពីការពង្រឹងទំនាក់ទំនងការទូតនយោបាយ ការទូតសភា សម្តេចប្រធានរដ្ឋសភាក៏បានជំរុញឱ្យក្រូអាស៊ីពិនិត្យសក្តានុពល រវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងការជំរុញបន្ថែម លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពលស្អាត និងវិស័យសន្តិសុខ ជាដើម៕


