លោក Donald Trump បញ្ជាក់ថា៖ បាតុកម្មដោយហឹង្សានៅបារាំងបណ្តាលមកពីបញ្ហាអន្តោប្រវេសន៍ បន្ទាប់ពីបាតុករចូលរួមជាង៥៥ម៉ឺននាក់ ចាប់ខ្លួនមនុស្ស២៤០០នាក់ ប៉ូលីសរបួស៩៩៧នាក់
ប្រធានាធិបតី Donald Trump បានចោទប្រកាន់ថាបញ្ហាអន្តោប្រវេសន៍គឺជាមូលហេតុដែលនាំឲ្យមានអំពើហិង្សាក្នុងប្រទេសបារាំង ដោយលោកបានព្រមានទៀតថា «ពួកគេត្រូវតែបិទព្រំដែន» បើមិនដូច្នោះទេ «ពួកគេនឹងចប់ហើយ»។ លោក Donald Trump បានបន្ថែមទៀតថា៖ អ្វីដែលបានកើតឡើងនៅក្នុងប្រទេសបារាំង គឺពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍។ មិនមែនជារឿងសាលារៀន ឬរឿងអ្វីផ្សេងនោះទេ គឺវាជាបញ្ហាអន្តោប្រវេសន៍ផ្ទាល់តែម្តង។ លោកបានថ្លែងបែបនេះ ខណៈពេលដែលលោកចាកចេញពីសេតវិមានទៅចូលរួមក្នុងកម្មវិធីឃោសនានយោបាយមួយនៅរដ្ឋ Kansas។ ការលើកឡើងរបស់លោក Donald Trump ធ្វើឡើងនៅពេលដែលប៉ូលិសក្នុងទីក្រុងប៉ារីសបានប្រកាសដាក់បម្រាមគោចរនៅពេលយប់ ក្នុងតំបន់ចំនួនពីរនៃរដ្ឋធានីបារាំង បន្ទាប់ពីផ្ទុះបាតុកម្មយ៉ាងហឹង្សាកាលពីចុងសប្តាហ៍កន្លងមកនេះ ដែលវាជាហេតុការណ៍អំពើហិង្សាដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយក្រុមអ្នកបង្កហេតុបានវាយប្រហារដុតបំផ្លាញលើសាលាក្រុងដ៏ល្បីវ័យចំណាស់ អគារសាធារណៈផ្សេងៗទៀត និងអាជីវកម្មរាប់ពាន់កន្លែងនៅទូទាំងប្រទេសដែរ។ មនុស្សប្រហែល ២.៤០០ នាក់ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍នេះ ហើយអាជ្ញាធរបានឱ្យដឹងថា អាជីវកម្មរាប់ពាន់កន្លែងត្រូវបានខូចខាត ឬត្រូវក្រុមបាតុករចូលលួចប្លន់យ៉ាងសាហាវបំផុត។ អំពើហិង្សាទាំងនេះបានបិទបាំងការតវ៉ាដោយសន្តិវិធីមួយ ដែលមានអ្នកចូលរួមរាប់សែននាក់ ដើម្បីប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយសម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងលក្ខខណ្ឌមិនល្អនៅក្នុងសាលារៀនជាដើម។ បន្ទាប់មកលោកប្រធានាធិបតីបារាំង Emmanuel Macron បានចេញមកថ្កោលទោស «អំពើហិង្សាដែលពិបាកទប់ស្កាត់នេះ ដែលបង្កឡើងដោយ «ក្រុមបះបោរមកពីក្រុមជ្រុលនិយមឆ្វេង រួមជាមួយឧក្រិដ្ឋជនជាច្រើននាក់ទៀតដែរ។ ប៉ុន្តែសម្រាប់លោកប្រធានាធិបតី Donald Trump វិញនៅតែទទូចថា មូលហេតុពិតប្រាកដគឺបញ្ហាអន្តោប្រវេសន៍ក្នុងប្រទេសបារាំង។ លោកបាននិយាយថា៖ នៅពេលដែលអ្នកសម្លឹងមើលពីភាពវឹកវរ និងការស្អប់ខ្ពើមទាំងអស់នេះ វាពុំមែនជារឿងកើតចេញបញ្ហាសាលារៀននោះទេ។ វាជារឿងដែលមនុស្សចូលមកក្នុងប្រទេសមួយដើម្បីបង្កើតភាពចលាចល ប៉ុន្តែពួកគេបែរជាស្អប់ប្រទេសនោះទៅវិញ។ ពួកគេស្អប់អគារនានា ស្អប់ប្រជាជន និងស្អប់ស្នាដៃសិល្បៈរបស់ប្រទេសដែលពួកគេចួលមកតែម្តង។ បារាំងត្រូវតែបិទព្រំដែនរបស់ខ្លួន ហើយត្រូវបណ្តេញមនុស្សអាក្រក់ទាំងនោះចេញ។ លើសពីនេះដែរប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ ក៏បានការពារនូវការសម្រេចចិត្តរបស់លោកក្នុងការកែសម្រួលទីលានវាយកូនហ្គោលសាធារណៈមួយនៅទីក្រុងវ៉ាស៊ីនតោនផងដែរ ទោះបីជាមានការជំទាស់តាមផ្លូវច្បាប់ដែលព្យាយាមរារាំងលោកមិនឱ្យបន្តគម្រោងនេះក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


