គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះមហាក្សត្រ

នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សានិងកំណត់ផែនការសកម្មភាពយ៉ាងម៉ត់ចត់ ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំតាមការអញ្ជើញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ការប្រជុំថ្ងៃនេះ គឺដើម្បីយើងរួមគ្នាពិនិត្យ និងដាក់ចេញនូវផែនការណែនាំជាក់លាក់មួយ ព្រមទាំងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាថា ព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ អោយសក្តិសមនឹងព្រះរាជហឫទ័យ និងព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង»។

ឆ្លងកាត់តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលនិងហ្មត់ចត់ អង្គប្រជុំក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឈិន កេតនា បានឯកភាពគ្នាកំណត់ភារកិច្ចចំពោះមុខ ដែលព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។

បន្ថែមពីលើកាលបរិច្ឆេទនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានដាក់ចេញនូវបទបញ្ជា និងការចាត់តាំងភារកិច្ចយ៉ាងម៉ឺងម៉ាត់ជូនដល់រដ្ឋបាលរាជធានី និងខេត្តទាំងអស់ ដោយតម្រូវឱ្យ៖

១. រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានសមរម្យ និងល្អឥតខ្ចោះ។

២. តុបតែងលម្អដោយកំណាត់បូ ភ្លើងពណ៌ ការលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកអបអរសាទរ តាមរចនាសម្ព័ន្ធរដ្ឋបាលគ្រប់លំដាប់ថ្នាក់។

៣. ត្រួតពិនិត្យនិងបំផុសស្មារតីដល់ប្រជាពលរដ្ឋ ក្នុងការរៀបចំលើកទង់ជាតិតាមគេហដ្ឋាននីមួយៗ ដើម្បីបង្ហាញពីមនសិការស្នេហាជាតិ និងការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជកិច្ចបម្រើជាតិមាតុភូមិរបស់ព្រះអង្គ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានសំណូមពរនិងផ្តាំផ្ញើជាថ្មីម្តងទៀតដល់សមាជិក សមាជិកាអង្គប្រជុំទាំងអស់ ត្រូវនាំសេចក្តីសម្រេច និងស្មារតីនៃអង្គប្រជុំថ្ងៃនេះ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្តរបស់ខ្លួនរៀងៗខ្លួន ដើម្បីរួសរាន់ចាត់ចែងអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។