ឯកឧត្តម ចាយ បូរិន បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Maha Damaj តំណាងយូនីសេហ្វ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។
(រាជធានីភ្នំពេញ) ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យលោកស្រីបណ្ឌិត Maha Damaj តំណាងយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
លោកស្រីបណ្ឌិត ម៉ាហា ដាម៉ាច (Maha Damaj) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អំពីការងារដែលអង្គការកំពុងអនុវត្ត និងគោលបំណងសំខាន់ចំនួន ៥ ស្នើរសុំការអនុញ្ញាតពីក្រសួងធម្មការនិងសាសនារួមមាន៖
ទី១.អង្គការ UNICEF ធ្លាប់បំពេញកិច្ចការងារជាមួយក្រសួងធម្មការនិងសាសនា ដោយផ្តោតលើការគាំទ្រកុមារនិងការបញ្ឈប់នូវអំពើហិង្សាទៅលើស្ត្រី។
ទី២.ការគាំទ្រទៅលើកិច្ចព្រមព្រៀងមួយចំនួនកន្លងទៅ ស្តីពីការអប់រំកុមារ ពិសេសគឺមេរៀនដែលដាក់នៅពុទ្ធិកសកលវិទ្យាល័យ ព្រះសង្ឃ សាមណសិស្ស គឺធ្វើយ៉ាងណាឱ្យយល់អំពីការបញ្ឈប់អំពើហិង្សាលើកុមារនិងចិញ្ចឹមកុមារបែបវិជ្ជមាន។
ទី៣.គាត់កោតសរសើរចំពោះក្រសួងធម្មការនិងសាសនា ពិសេសគឺព្រះសង្ឃ ក៏ដូចជាសាសនាដទៃទៀត ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងផ្លូវចិត្តដល់កុមារក្នុងកំឡុងពេលដែលប្រទេសកម្ពុជា។
ទី៤.បានស្នើក្រសួងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកតម្កើង ក៏ដូចជាកែលម្អនូវបញ្ហាណាមួយចំនួនដើម្បីវាយតម្លៃឱ្យបានល្អឱ្យបានប្រសើរឡើងវិញ។
នឹងទី៥.អង្គការ UNICEF បានបំពេញកិច្ចការងារជាច្រើនឆ្នាំកន្លងទៅហើយនៅក្នុងប្រទេសកម្ពុជា ពិសេសជាមួយក្រសួងស្ថាប័ន មានក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះបេសកកម្មការងាររបស់អង្គការ UNICEF អស់រយៈពេលជាង ៧ ទសវត្សរ៍ ព្រមទាំងបានរួមចំណែកជាបន្តបន្ទាប់របស់ UNICEF ក្នុងការលើកកម្ពស់សិទ្ធិ ការការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ភាពជាដៃគូដ៏យូរអង្វែងរវាងអង្គការយូនីសេហ្វ និង ក្រសួងធម្មការនិងសាសនា លើការអនុវត្តគោលនយោបាយវត្តសង្គហកុមារ (គោលនយោបាយ ការពារកុមារ) និង កម្មវិធីវត្តសង្គហកុមារ (កិច្ចការពារកុមារតាមវត្តអារាម) ការលើកកម្ពស់តួនាទីរបស់ថ្នាក់ដឹកនាំសាសនា ជាពិសេសព្រះសង្ឃក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ ក្នុងនោះក្រសួងធម្មការនិងសាសនា និងព្រះសង្ឃក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយសង្គ្រោះបឋមផ្លូវចិត្តដល់កុមារ យុវវ័យ និងគ្រួសារដែលរងផល ប៉ះពាល់ដោយសារជម្លោះតាមព្រំដែននាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ ទាំងក្នុងអំឡុងពេលមានអាសន្ននិងក្នុងដំណាក់កាលស្ដារឡើងវិញនៅតាមជំរំជនភៀសសឹក និងសហគមន៍ដែលរងផល ប៉ះពាល់ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់ក្រសួងធម្មការនិងសាសនា ក្នុងការសហការបំពេញកិច្ចការងារជាមួយគ្នាបន្ត និងបានផ្តល់អនុសាសន៍ក្នុងការបង្កើតក្រុមការងារធ្វើយ៉ាងណាកែលម្អកម្មវិធីមួយចំនួន ពិសេសគឺកម្មវិធីសិក្សា កម្មវិធីអប់រំ ការផ្គត់ផ្គង់ ក៏ដូចជាការផ្តល់នូវមេរៀនសំខាន់ៗ គឺបញ្ឈប់នូវអំពើហិង្សាលើកុមារ និងចិញ្ចឹមកុមារជាវិជ្ជមាន
ជាទីបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណនិងជូនពរដល់ លោកស្រីបណ្ឌិត Maha Damaj តំណាងយូនីសេហ្វ ប្រចាំកម្ពុជា និងសហការី ដែលបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជាសម្រេចបានជោគជ័យទ្វេរឡើងថែមទៀត ៕


