កម្ពុជា និងក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការសកម្មភាព​មីន​ និង​​នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​និង​បន្ត​កសាងពិភពលោក​ដែលមានសុវត្ថិភាព

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង​ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាត បានដឹកនាំកិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន​ និងភាគីពាក់ព័ន្ធ។

ក្នុង​ឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តមបណ្ឌិត​ លី ធុជ បានសម្តែង​នូវ​ការ​អបអរសាទរចំពោះ​ក្រូអាត ដែលបានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រ​យៈពេល ៣១ឆ្នាំ និងបានកម្ទេចមីនប្រមាណ​ ១០៧.០០០គ្រាប់ ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មនេះ​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​គូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣.៥០០គីឡូម៉ែត្រក្រឡា និងកម្ទេចមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤លានគ្រាប់។ ទោះបីប្រឈមនឹងការរកឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជានៅតែប្តេជ្ញាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឆ្នាំ២០៣៥។

ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា បច្ចេកវិទ្យា ដូចជាដ្រូន រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត មានតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារបោសសម្អាតមីន។ ទោះជាយ៉ាងណា កត្តាស្នូលនៃភាពជោគជ័យនៅតែជាមនុស្ស រួមមានអ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ ការជួយជនរងគ្រោះ និងស្ថាប័នដែលមានសមត្ថភាពរឹងមាំ។ បទពិសោធន៍របស់ក្រូអាតក្នុងការបញ្ចប់ការងារបោសសម្អាតមីន នឹងផ្តល់មេរៀនដ៏មានតម្លៃដល់កម្ពុជា ជាពិសេសការដោះស្រាយតំបន់លំបាកចុងក្រោយ និងការបន្តជួយជនរងគ្រោះរយៈពេលវែង។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ និងសមត្ថភាពជាតិដ៏រឹងមាំក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួន និងរៀនសូត្រពីក្រូអាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមក៏​បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រូអាត និងអ្នកចូលរួមទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយបើកចំហ ព្រមទាំងជំរុញឱ្យភាគីទាំងពីរប្រែក្លាយចំណេះដឹងទៅជាសកម្មភាពរួមជាក់លាក់ រួមមានការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល ទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និងការពង្រឹងជំនួយដល់ជនរងគ្រោះ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងក្រូអាត នឹងបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម។