លោកប្រធានាធិបតីបារាំង Emmanuel Macron ប្តេជ្ញានាំយកបុគ្គលញ៉ុះញ៉ុងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល បង្ករហឹង្សាមកទទួលខុសត្រូវចំពោះមុខច្បាប់! ក្រោយពីផ្ទុះសកម្មភាពតវ៉ាពីមនុស្សជាង៥៥ម៉ឺននាក់
បន្ទាប់ពីផ្ទុះឡើងនូវសកម្មភាពតវ៉ាយ៉ាងធ្ងន់ធ្ងរនិងបំផ្លាញទ្រព្យសម្បត្តិរដ្ឋដ៏មានតម្លៃជាច្រើននៅក្នុងទីក្រុងធំៗរបស់បារាំង មានប៉ារីស និង មីឡង់ជាដើមដោយមានមនុស្សប្រហែល៥៥ម៉ឺននាក់បានចូលរួមតវ៉ានានាទូទាំងប្រទេស ខណៈដែលក្រុមសហជីព CGT បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ អ្នកតវ៉ាមានចំនួន ៨០ម៉ឺននាក់។ ស្រាប់តែលោកប្រធានាធិបតបារាំង Emmanuel Macron បានចេញមកថ្លែងការណ៍ជាពិសេសទៅកាន់ប្រជាជាតិបារាំងរបស់លោកថា៖ រដ្ឋាភិបាលបារាំងនឹងប្តេជ្ញានាំយកអ្នកដែលបានប៉ុនប៉ងផ្តួលរំលំសាធារណរដ្ឋមកទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យខានតែបាន បន្ទាប់ពីពួកគេបានធ្វើព្យុះ ធ្វើភ្លៀងបង្កើតជារលកតវ៉ាដោយហិង្សានៅទូទាំងប្រទេស។ នៅក្នុងសុន្ទរកថារបស់លោក Emmanuel Macron បានមានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងទៅកាន់បងប្អូនប្រជាជាតិបារាំងទាំងអស់ ក្នុងគ្រាដ៏លំបាកមួយនេះ បន្ទាប់ពីអ្វីដែលយើងបានជួបប្រទះនិងមើលឃើញកាលពីម្សិលមិញនៅតាមទីក្រុងជាច្រើនទូទាំងប្រទេសបារាំង ទាំងនៅក្នុងទឹកដីបារាំងផ្ទាល់ និងនៅក្រៅប្រទេសក្តី។ ក្រុមអ្នកញុះញង់មកពីក្រុមជ្រុលនិយមឆ្វេង រួមជាមួយក្រុមឧក្រិដ្ឋជនមួយចំនួនធំ បានបង្កជាអំពើហិង្សាដោយគ្មានការទប់ស្កាត់នៅក្នុងទីក្រុងនានារបស់យើង។ ដោយលោកបានកត់សម្គាល់ឃើញទៀតថា៖ មានករណីបន្លំលួច ប្លន់ហាងទំនិញធំៗ និងបានវាយប្រហារទៅលើអគារសាធារណៈ ហាងលក់ទំនិញ Brand ល្បីៗនៅក្នុងប្រទេសបារាំង និងសាលាក្រុងដ៏សំខាន់មានអាយុកាលជាង១៤០ឆ្នាំរបស់ពួកយើងដែរ។ លោក Macron បញ្ជាក់ទៀតថា៖ ការបំផ្លិចបំផ្លាញនេះ គឺជារូបភាពគួរឱ្យសោកស្តាយខ្លាំងណាស់ មិនគួរណាពួកគេឈានដល់អំពើហឹង្សាបំផ្លាញទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឯងដូច្នេះសោះ។ សូមបែងចែកឱ្យដាច់រវាងក្រុមដែលប្រើអំពើហិង្សា និងសាធារណជនទូទៅ ដោយលោកបានលើកឡើងថា៖ ពលរដ្ឋរាប់សែននាក់ដែលបានចេញមកតវ៉ាទាមទារគឺជារឿងត្រឹមត្រូវ ទាក់ទងនឹងថ្លៃចំណាយបានឡើងខ្ពស់សម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងតម្លៃប្រេងឥន្ធនៈដែលកើតចេញពីជម្លោះនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ យើងមិនត្រូវច្រឡំពួកគេ ជាមួយក្រុមអ្នកដែលបានបំផ្លិចបំផ្លាញ បង្កការខូចខាត និងលួចប្លន់នោះឡើយ។ លោកបន្ថែមថា លោកយល់ច្បាស់អំពីកង្វល់របស់បងប្អូនសាធារណជន ដោយលោកសង្កត់ធ្ងន់លើការទទួលខុសត្រូវ ហើយលោកក៏បានព្រមានថា៖ ចៅក្រមរបស់យើងត្រូវតែអនុវត្តយុត្តិធម៌ក្នុងនាមជាបងប្អូន ហើយពួកគេដឹងថាបងប្អូនរំពឹងលើអ្វីពិតប្រាកដ។ នៅពេលណាដែលមានបទល្មើសកើតឡើង វានឹងនាំទៅដល់នីតិវិធីផ្លូវច្បាប់ដែលសមស្របជាក់ជាមិនខាន។ អ្នកដែលបានបំផ្លិចបំផ្លាញ ត្រូវតែទទួលខុសត្រូវ សងការខូចខាត ហើយអ្នកដែលបានលួចប្លន់ទំនិញពីហាងល្បីក្នុងចេតនាអាក្រក់ ក៏ត្រូវតែសងត្រឡប់មកវិញជាបន្ទាន់ដែរ។ ចំណែកអ្នកដែលបានប៉ុនប៉ងផ្តួលរំលំសាធារណរដ្ឋ គឺនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេដូចគ្នា។ លោក Emmanuel Macron ក៏បានប្រកាសផងដែរថា នាយករដ្ឋមន្ត្រីបារាំងនឹងកោះហៅក្រុមសិស្ស-និស្សិត គ្រូបង្រៀន តំណាងសហជីព អាជ្ញាធរមូលដ្ឋាន និងសមាជិកសភា ដើម្បីជួបពិភាក្សាចាប់ពីសប្តាហ៍នេះតទៅ ក្នុងគោលបំណងស្វែងរកសំណើរ និងដំណោះស្រាយជាក់ស្តែង។ សូមបញ្ជាក់ថាសុន្ទរកថារបស់ប្រធានាធិបតី Emmanuel Macron បានធ្វើឡើងនៅពេលដែលក្រុមអ្នកតវ៉ារាប់រយនាក់ផ្សេងទៀតបានជួបជុំគ្នាជាថ្មីកាលពីថ្ងៃអាទិត្យនេះ នៅទីលានសាធារណរដ្ឋ (Place de la République) ក្នុងទីក្រុងប៉ារីស ខណៈដែលវត្តមានមន្រ្តីប៉ូលិសបានដាក់ពង្រាយយ៉ាងច្រើនសន្ធឹកសន្ធាប់។ មន្ត្រីប៉ូលិសបានប្រើប្រាស់ការបំពងសំឡេង ទៅកាន់ក្រុមអ្នកតវ៉ាដោយឆ្លើយតបទៅនឹងការអំពាវនាវពីសហជីពកម្មករ អង្គការនិស្សិត និងសកម្មជននានា ដែលមានគោលបំណងធ្វើវាឡើងស្រដៀងទៅនឹងការងើបឡើងវិញនៃចលនា «ក្រុមអាវកាក់ពណ៌លឿង» ឬ (Yellow Vest) ដែលបានលេចឡើងដំបូងនៅបារាំងកាលពីឆ្នាំ ២០១៨ ដើម្បីតវ៉ាប្រឆាំងនឹងភាពអយុត្តិធម៌ក្នុងសង្គម៕
សម្រួលអត្ថបទ៖ សុផារិន្ទ


