ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជំរុញការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រី និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយ ព័ត៌មានពិត ត្រឹមត្រូវពីកម្ពុជាទៅកាន់អន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានជាភាសាបរទេស ដោយចាត់ទុកថា ជាកិច្ចការចាំបាច់ក្នុងបរិបទបច្ចុប្បន្ន ដែលព័ត៌មានមានតួនាទីសំខាន់ក្នុងការផ្តល់ចំណេះដឹង បង្កើនការយល់ដឹង និងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រីក្រសួងព័ត៌មាន គឺជាការវិនិយោគលើធនធានមនុស្ស និងជាការពង្រឹងសក្តានុពលរបស់ស្ថាប័ន ដើម្បីឱ្យមន្ត្រីមានសមត្ថភាពផលិត និងផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងដែលក្រសួងមាន ទៅកាន់សាធារណជននៅក្រៅប្រទេសបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងជួយឱ្យមន្ត្រីអាចស្វែងយល់ពីប្រភពព័ត៌មានអន្តរជាតិ បកប្រែ និងរៀបចំខ្លឹមសារព័ត៌មានបានត្រឹមត្រូវ ព្រមទាំងសម្របសម្រួលការទំនាក់ទំនងជាមួយស្ថាប័ន និងដៃគូអន្តរជាតិ។ ជាពិសេស សមត្ថភាពនេះអាចរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ អំពីស្ថានភាព សក្តានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានារបស់កម្ពុជាទៅកាន់ពិភពលោក។
ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពភាសាបរទេសក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការទូតព័ត៌មាន ដែលរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះ ការបន្តអភិវឌ្ឍជំនាញភាសាបរទេសដល់មន្ត្រី គឺជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការការងារព័ត៌មានក្នុងសម័យឌីជីថល និងបរិបទសកលភាវូបនីយកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលនេះជាផ្នែកមួយនៃការបន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឱ្យមន្ត្រីមានចំណេះដឹង ជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការនៃការផ្សព្វផ្សាយព័ត៌មានទៅកាន់ទស្សនិកជនដែលមានភាសា និងវប្បធម៌ខុសៗគ្នា។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីក្រសួងព័ត៌មានអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ដើម្បីបង្កើនគុណភាពនៃការផលិត និងផ្សព្វផ្សាយព័ត៌មាន ពង្រឹងទំនាក់ទំនងអន្តរជាតិ និងចូលរួមលើកកម្ពស់សមត្ថភាពរបស់ក្រសួងព័ត៌មានក្នុងការបំពេញតួនាទីជាស្ថាប័នស្នូលក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមបច្ចេកទេសនៃគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន (ក.អ.ម) បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នេះ គឺជាវគ្គបណ្តុះបណ្តាលដំបូងសម្រាប់មន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងព័ត៌មាន ចាប់តាំងពីអាណត្តិទី១មក។ ការរៀបចំវគ្គនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីរាជការ ជាពិសេសជំនាញភាសាអង់គ្លេស ដែលជាមធ្យោបាយដ៏សំខាន់សម្រាប់ការទំនាក់ទំនង ការសិក្សាស្រាវជ្រាវ ការទទួលបានព័ត៌មានពីប្រភពអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ឯកឧត្តមបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់មន្ត្រី ឱ្យមានជំនាញក្នុងការអាន បកប្រែ សរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេសបានត្រឹមត្រូវ ស្របតាមបរិបទការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ក្នុងនោះមានស្ត្រីចំនួន៣៧នាក់ ស្មើនឹងប្រមាណ៥០ភាគរយ ដែលមកពីអង្គភាពនានាចំណុះឱ្យក្រសួងព័ត៌មាន។ ក្នុងអំឡុងពេលសិក្សា សិក្ខាកាមបានសិក្សាលើជំនាញសំខាន់ៗពាក់ព័ន្ធនឹងការអានព័ត៌មាន ការសរសេរព័ត៌មាន ការបកប្រែឯកសារ ការប្រើប្រាស់វាក្យសព្ទវិជ្ជាជីវៈ និងការទំនាក់ទំនងជាភាសាអង់គ្លេសក្នុងបរិបទការងារប្រចាំថ្ងៃ។
ដូច្នេះការបណ្តុះបណ្តាលនេះជាផ្នែកមួយនៃការបន្តពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងព័ត៌មាន ដើម្បីឱ្យមន្ត្រីអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មាន និងចូលរួមជំរុញការផ្សព្វផ្សាយព័ត៌មានកម្ពុជាទៅកាន់សាធារណជនអន្តរជាតិ៕


