កូនចៅចិនត្រកូលលឹម រាប់រយនាក់ មកពីជុំវិញពិភពលោក ជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកគុណបុព្វបុរសដូនតា

ដើម្បីរំលឹកគុណូបការៈ សម្តែងនូវសេចក្តីកតញ្ញូ ចំពោះដូនតា និងបុព្វបុរសដូនតាត្រកូលលឹម និងពង្រឹងកសាងសាមគ្គីភាព ចំណងមិត្តភាព រវាងបងប្អូនកូនចៅត្រកូលលឹមទាំងអស់នៅកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំផងនោះ គណៈប្រតិភូសាច់ញាតិត្រកូលលឹមមកពីជុំវិញពិភពលោក និង សមាគមត្រកូលលឹមនៅកម្ពុជា សរុបជាង៦០០នាក់ រួមគ្នាប្រារព្ធពិធីរំលឹកគុណបុព្វបុរសដូនតា ដែលបង្ហាញពីការដឹងគុណ ឧទ្ទិសកុសលដល់ដូនតា និងការថែរក្សាអត្តសញ្ញាណរបស់ត្រកូលលឹម។ នេះបើតាមការឲ្យដឹងពី លោក លឹម ហួរ ប្រធានក្រុមយុវជន នៃសមាគមគ្រួសារត្រកូលលឹមនៅកម្ពុជា។

លោក លឹម ហួរ ឲ្យដឹងទៀតថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង បង្រួបបង្រួមបងប្អូនក្រុមគ្រួសារត្រកូលលឹមទាំងអស់ ដើម្បីរំលឹក និងបន្តវេននូវប្រពៃណី គុណធម៌ និងប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ដូនតាត្រកូលលឺម ជូនដល់ជំនាន់ក្រោយ។ សមាគមត្រកូលលឹម បានចូលរួមសកម្មភាព ដូចជា ជួយការងារសង្គម ដោយស្ម័គ្រចិត្តធម៌ ជួយទៅដល់កុមារកំព្រា ជួយទៅដល់សាលារៀនដែលនៅឆ្ងាយដាច់ស្រយាល នៅសម័យកូវីដ ក៏បានជួយដល់ការងារសង្គមជាច្រើន ជាក់ស្តែងដូចកាលថ្មីៗនេះ ដែលយើងមានបញ្ហាព្រំដែន សមាគមត្រកូលលឹម ក៏បានជួយដល់វិស័យយោធា កងកំលាំងដែលឈរជើងការពារតាមព្រំដែន និងប្រជាជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានពីយោធាថៃផងដែរ។

លោក បញ្ជាក់ដែរថា សមាគមត្រកូលលឹម ដែលជាសមាគមមិនមែនដើម្បីស្វែងរកផលប្រយោជន៍ គឺជាសមាគមមួយដែលបង្កើតឡើង ដើម្បីចូលរួមការងារស្ម័គ្រចិត្ត ជាងនេះទៅទៀត សមាគមត្រកូលលឹម បានខិតខំប្រឹងប្រែងគៀងគរ អ្នកវិនិយោគ ដើម្បីមកចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់ប្រទេសកម្ពុជាជាពិសេស សមាគមត្រកូលលឹម ក៏ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សមាគមត្រកូលលឹមនៅកម្ពុជា ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០១ មកម៉្លេះហើយបច្ចុប្បន្ននេះ សមាគមបានធ្វើការទំនាក់ទំនង ជាមួយសមាគមត្រកូលលឹមដទៃទៀតដែលនៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ាន ព្រមទាំងនៅប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសជប៉ុន ទីក្រុងហុងកុង តៃវ៉ាន់ ជាដើម។

បន្ទាប់មក គណៈប្រតិភូសាច់ញាតិត្រកូលលឹម មកពីជុំវិញពិភពលោក ក៏បានទៅទស្សនាអគារទីស្នាក់ការ របស់សមាគមត្រកូលលឹមនៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការបន្តប្រពៃណីវប្បធម៌ត្រកូលលឹមនៅកម្ពុជា។