Zillion

ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូល APEC លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា៖ យើងត្រូវជួយគ្នាដើម្បីសម្រាលបញ្ហា និងការពារពិភពលោករបស់យើង

Mor Ha Nokor

មេដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលមានសមាជិកចំនួន 21 ប្រទេសនិងដែនដីបានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃសុក្រនេះ ដើម្បីចូលរួមដោះស្រាយបញ្ហានឹងប្រឆាំងនឹងស្ថានភាពនៅខាងពីក្រោយនៃបញ្ហាប្រឈមជាសកលធំៗ។ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រជែងអំណាច អតិផរណា ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ជំងឺរាតត្បាត គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលពួកគេនឹងត្រូវដោះស្រាយនៅក្នុងអ្វីដែលពួកគេហៅថាជាប្រធានបទនៃកិច្ចប្រជុំវិលជុំជាលើកទីបីរបស់ពួកគេក្នុងមួយសប្តាហ៍នេះ ដែលលើកនេះនៅឯកន្លែងប្រជុំនៃទីក្រុងបាងកកគឺមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងប្រទេសថៃ។ ស្ថិតក្នុងសុន្ទរកថាបើកលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថាតំបន់របស់ពួកយើងនៅតែមានផលប៉ះពាល់ដដែលពីស្ថានភាពជំងឺរាតត្បាត COVID-19 ហើយថាស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ លោក Prayuth បន្ថែមថា “យើងត្រូវជួយគ្នាទៅវិញទៅមកដើម្បីសម្រាលបញ្ហានេះ និងការពារពិភពលោករបស់យើង។ យើងមិនអាចរស់នៅតាមរបៀបចាស់បានទេ” ។ ថ្លែងទៅកាន់មេដឹកនាំនៃកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា “ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងបង្អាក់ពិភពលោក” ពី “សន្តិភាពនិងស្ថិរភាព និងវាបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកទៅលើច្បាប់”។ សង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យតម្លៃស្បៀងអាហារ និងថាមពលកើនឡើងយ៉ាងខ្លាំង ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងរារាំងការងើបឡើងវិញរបស់ពិភពលោកពីជំងឺរាតត្បាត។ វាក៏ជាបញ្ហាប្រឈមសម្រាប់កិច្ចខិតខំប្រឹងប្រែងតម្រង់នៃទិសឯកភាពគ្នារបស់ APEC ផងដែរ។ គ្មានកិច្ចប្រជុំ គ្មានត្រៀមការរៀបចំរបស់ APEC ណាមួយក្នុងឆ្នាំនេះ ដែលបានចេញជាសេចក្តីថ្លែងការណ៍រួមឡើយ ដោយសារតែការខ្វែងគំនិតគ្នា ដូច្នេះសួរថាតើយើងត្រូវនិយាយអំពីជម្លោះនេះឬយ៉ាងណា។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ ឬ G-20 នៅរមណីយដ្ឋានកោះបាលីរបស់ឥណ្ឌូនេស៊ី និងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅកម្ពុជា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះរួមមានប្រមុខដឹកនាំប្រទេសធំៗដូចជា៖ ប្រធានាធិបតីចិនលោក Xi Jinping អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នាយករដ្ឋមន្ត្រីជប៉ុន Mijister Fumio Kishida ប្រធានាធិបតីឈីលី Gabriel Boric នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ជាដើម៕

សម្រួលអត្ថបទ៖ សុផារិន្ទ