លទ្ធផលប្រឡងផ្ទេរគ្រូបង្រៀនមកភ្នំពេញជាប់ជាផ្លូវការ ៤៦៦នាក់ ខណៈក្រសួងត្រៀមបើកឱកាសឱ្យបេក្ខជនបម្រុងបំពេញបន្ថែម ៣៦៥កន្លែងទៀត
ក្រោយដំណើរការប្រឡងប្រជែងយ៉ាងតឹងរ៉ឹង និងមានការចូលរួមសង្កេតការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រឡងប្រជែងបានប្រកាសលទ្ធផលផ្លូវការនៃការផ្ទេរគ្រូបង្រៀនពីខេត្តក្រុង ចូលមករាជធានីភ្នំពេញហើយ។
ក្នុងចំណោមតម្រូវការសរុប ៨៣១ កន្លែង និងបេក្ខជនដាក់ពាក្យ ១,១៥១ នាក់ មានបេក្ខជនត្រឹមតែ ៤៦៦ នាក់ ប៉ុណ្ណោះដែលប្រឡងជាប់ទទួលបានប៉ុស្តិ៍ដើម្បីបង្រៀន ដោយនៅសល់តម្រូវការចំនួន ៣៦៥ កន្លែងទៀត ដែលគណៈកម្មការអន្តរក្រសួងនឹងត្រូវបន្តផ្តល់ឱកាសឱ្យបេក្ខជនបម្រុងដាក់ពាក្យស្នើសុំបំពេញបន្ថែមតាមនីតិវិធីបន្ត។
ដំណើរការប្រឡងប្រជែងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានឈានដល់ការប្រកាសលទ្ធជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងការចុះហត្ថលេខាដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
ការឈានមកដល់ដំណាក់កាលប្រកាសលទ្ធផលនាពេលនេះ គឺបន្ទាប់ពីក្រុមការងារនៃអនុគណៈកម្មការកែ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមនីតិវិធីយ៉ាងសកម្ម និងហ្មត់ចត់បំផុត ក្នុងការពិនិត្យ ស្រង់ពិន្ទុ ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបូកសរុបពិន្ទុ ព្រមទាំងធ្វើចំណាត់ថ្នាក់លទ្ធផលដោយត្រឹមត្រូវ គ្មានការចន្លោះប្រហោងឡើយ។
ពេញមួយដំណើរការនៃការប្រឡងប្រជែងនេះ ត្រូវបានប្រព្រឹត្តទៅស្របតាមបទប្បញ្ញត្តិស្តង់ដាប្រឡងយ៉ាងតឹងរ៉ឹង ដោយមានការឃ្លាំមើល និងត្រួតពិនិត្យយ៉ាងជាប់លាប់គ្រប់ដំណាក់កាលទាំងអស់ពីសំណាក់៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU), អនុគណៈកម្មការពិនិត្យនិងវាយតម្លៃ,
,អ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ,តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមធ្វើជាសាក្សីដោយផ្ទាល់។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍អោយដឹងថា ÷ រាជធានីភ្នំពេញមានតម្រូវការគ្រូបង្រៀនសរុបចំនួន ៨៣១ កន្លែង ទាំង ៤ កម្រិត គឺមតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ។ សរុបមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១,១៥១ នាក់ ប៉ុន្តែលទ្ធផលនៃការប្រឡងផ្លូវការបង្ហាញថា មានបេក្ខជនចំនួន ៤៦៦ នាក់ ប៉ុណ្ណោះដែលទទួលបានប៉ុស្តិ៍ ឬសាលារៀនសម្រាប់ផ្ទេរមក។
ស្ថានភាពនេះធ្វើឱ្យមានតម្រូវការគ្រូដែលនៅសល់ចំនួន ៣៦៥ កន្លែង បន្ថែមទៀត ដែលគណៈកម្មការអន្តរក្រសួងត្រូវបន្តដោះស្រាយ ដើម្បីធានាឱ្យបាននូវការបំពេញគ្រូបង្រៀនគ្រប់គ្រាន់តាមសាលារៀនគោលដៅ។


