អ្នកជំនាញកសិកម្មក្នុងប្រទេសចិនលាតត្រដាងរឿងរ៉ាវនៅពីខាងក្រោយនៃភាពជោគជ័យលើកំណត់ត្រាផលិតពូជស្រូវកូនកាត់ក្នុង Hunan លើសកម្រិតកំណត់ជាលើកដំបូង
ក្រុមការងារនវានុវត្តន៍ស្រូវកូនកាត់ «យន់ ឡុងពីង» (Yuan Longping) នៃមជ្ឈមណ្ឌលស្រាវជ្រាវប្រភេទស្រូវកូនកាត់ខេត្តហ៊ូណាន បានសម្រេចទិន្នផលផលិតពូជស្រូវចំនួន ៥៣០,៤គីឡូក្រាមក្នុងមួយ «ម៉ូ» (ប្រហែលជា ០,០៦៧ ហិកតា) នៅស្រុកស៊ួយនីង (Suining) ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន ក្នុងខែកញ្ញា ឆ្នាំ២០២៦។ សមិទ្ធផលនេះបានបំបែកកំណត់ត្រាលើសពីកម្រិត ៥០០ គីឡូក្រាមជាលើកដំបូង និងបង្កើតបានជាកំណត់ត្រាពិភពលោកថ្មីមួយ សម្រាប់ការផលិតពូជស្រូវកូនកាត់ក្នុងទ្រង់ទ្រាយធំដែលផ្តល់ទិន្នផលខ្ពស់។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលនេះបានចែករំលែករឿងរ៉ាវនៅពីខាងក្រោយនៃភាពជោគជ័យដ៏សំខាន់នេះជាមួយទីភ្នាក់ងារព័ត៌មានCNS។ លោក ស៊ូ ហ្វូ (Shu Fu) អ្នកស្រាវជ្រាវម្នាក់នៅក្នុងក្រុមនេះបានឱ្យដឹងថា៖ ការបង្កាត់ពូជស្រូវកូនកាត់ប្រភេទ «Shuang 1S» នេះបានចំណាយពេលដល់ទៅ៨ឆ្នាំ និងឆ្លងកាត់ការបង្កាត់ចំនួន១៦ជំនាន់។ លោក ស៊ូ បានពន្យល់ទៀតថា៖ តាមរយៈការប្រមូលផ្តុំធនធានចាំបាច់ដែលមានស្រាប់ប្រកបដោយគោលដៅច្បាស់លាស់ យើងបានបញ្ចូលលក្ខណៈពិសេសមួយចំនួនដូចជា អត្រានៃការបង្កាត់ខ្ពស់ សមត្ថភាពក្នុងការផ្សំជាមួយពូជផ្សេងទៀតបានល្អ ភាពធន់រឹងមាំប្រឆាំងនឹងជំងឺ និងគុណភាពគ្រាប់ស្រូវដ៏ល្អប្រសើរ។ លោកបន្ថែមថា៖ ពូជនេះងាយស្រួលក្នុងការបន្តពូជ និងផលិត ដែលធ្វើឱ្យវាក្លាយជាពូជមេ ឬ (sterile line) ដែលមានលក្ខណៈសម្បត្តិល្អគ្រប់ជ្រុងជ្រោយ។ លោក ស៊ូ បានកត់សម្គាល់ឃើញថា៖ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ទិន្នផលផលិតពូជស្រូវប្រភេទមេពូជនេះបានកើនឡើងជាលំដាប់។ លោកបញ្ជាក់ថា៖ លក្ខខណ្ឌអាកាសធាតុនៅឆ្នាំនេះមិនអំណោយផលទាល់តែសោះសម្រាប់ការងារកសិកម្ម ប៉ុន្តែទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ ក៏យើងនៅតែអាចសម្រេចបានទិន្នផល ៥៣០,៤គីឡូក្រាម ដែលនេះជាភស្តុតាងបញ្ជាក់ថា ពូជមេនេះបានសម្រេចតាមគោលដៅដើមដែលយើងបានកំណត់ទុកក្នុងការងារបង្កាត់ពូជស្រូវរបស់យើង។ ចំណែកលោក តាំង វិនបាង (Tang Wenbang) នាយកមជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ខេត្តហ៊ូណាន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកសិកម្មហ៊ូណានបានឱ្យដឹងថា៖ បច្ចុប្បន្ននេះមានប្រទេស និងតំបន់ជិត៧០នៅជុំវិញពិភពលោក កំពុងធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយអំពីស្រូវកូនកាត់នេះ។ លោក តាំង (Tang) បានមានប្រសាសន៍ថា៖ ជាក់ស្តែងនៅសហរដ្ឋអាមេរិក សមាមាត្រនៃការដាំដុះស្រូវកូនកាត់បានកើនឡើងលើសពីប្រទេសចិនទៅហើយ។ យើងបានបង្កើតមន្ទីរពិសោធន៍ស្រូវកូនកាត់រួមមួយនៅប្រទេសម៉ាដាហ្គាស្ការ ហើយតាមរយៈមន្ទីរពិសោធន៍នេះ យើងកំពុងពង្រីកវិសាលភាពទៅកាន់បណ្តាប្រទេសដៃគូទាំងអស់នៃគំនិតផ្តួចផ្តើម ‘ខ្សែក្រវាត់ និងផ្លូវ’ ឬ (Belt and Road) នៅទ្វីបអាហ្វ្រិក។ លោក តាំង បានបន្ថែមថា៖ មជ្ឈមណ្ឌលនេះក៏បានប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយសម្រាប់វិស័យស្រូវកូនកាត់នេះផងដែរ។ នៅឆ្នាំនេះសាកលវិទ្យាល័យកសិកម្មហ៊ូណាន បានបង្កើតថ្នាក់រៀនពិសេសមួយឈ្មោះថា «ថ្នាក់ ឡុងពីង» (Longping Class) ដែលដាក់ឈ្មោះរបស់សាស្ត្រាចារ្យ យន់ (Yuan) ដើម្បីផ្តោតលើការអភិវឌ្ឍស្រូវកូនកាត់ក្នុងប្រទេសចិន ហើយលោកផ្ទាល់គឺជាអ្នកទទួលបន្ទុកណែនាំថ្នាក់រៀនពិសេសនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


