រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីយាងចូលព្រះទីវង្គត (១៥ តុលា ២០១២ – ១៥ តុលា ២០២៦)។

ពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ថ្ងៃទី១៥ ខែតុលា គឺជាទិវាកាន់ទុក្ខជាតិដ៏ក្រៀមក្រំបំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ គុណូបការៈដ៏ឧត្តុង្គឧត្តម និងធំធេងបំផុតដែលមិនអាចកាត់ថ្លៃបានរបស់ «ព្រះបរមរតនកោដ្ឋ» ចំពោះជាតិមាតុភូមិ តែងតែដក់ជាប់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងរបស់កូនចៅ ចៅទួត និងប្រជាជាតិខ្មែរគ្រប់រូបជានិច្ច។

ឯកឧត្តម បានបន្ថែមថា ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណដ៏ធំធេង និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស បានរួមគ្នារៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គយ៉ាងមហោឡារិក។ ដោយឡែក រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំពិធីនេះឡើងយ៉ាងសមរម្យ និងថ្លៃថ្នូរ ដើម្បីសម្តែងនូវកតញ្ញូតាកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបារមីព្រះអង្គផងដែរ៕