ក្រសួងសុខាភិបាល និងភាគីអាល្លឺម៉ង់ ពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW នៅទីស្តីការក្រសួងសុខាភិបាល។
ជំនួបនេះធ្វើឡើងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងក្នុងវិស័យសុខាភិបាល (ដែលមានតាំងពីឆ្នាំ១៩៩៤) ព្រមទាំងពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមមាន៖
១) គម្រោង ISPH (GIZ)៖ ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC)។
២) កម្មវិធី H-EQIP I+II និង CNP (KfW)៖ លើកកម្ពស់សមធម៌ គុណភាពសេវាសុខាភិបាល និងអាហាររូបត្ថម្ភ ជូនប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ។
៣) គម្រោងសុខភាពតែមួយ (One Health for Cambodia – KfW)៖ គម្រោងប្រយុទ្ធនឹងភាពស៊ាំថ្នាំអង់ទីប៊ីយូទិក ទប់ស្កាត់ជំងឺឆ្លងសត្វមកមនុស្ស និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ហើយបានស្នើឱ្យភាគីអាល្លឺម៉ង់បន្តគាំទ្រ យូរអង្វែង និងរៀបចំគម្រោងសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ។ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ជាថ្មីពីការតាំងចិត្តខ្ពស់របស់សុខាភិបាលកម្ពុជាក្នុងការអនុវត្តរាល់គម្រោងទាំងអស់ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕