ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ក្នុងខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តកំពង់ធំ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម., មន្ទីរជំនាញ និងអភិបាលក្រុង-ស្រុក។

យោងតាមស្មារតីអង្គប្រជុំ និងយោងតាមស្ថានភាពជាក់ស្តែង កិច្ចប្រជុំបានឯកភាពផ្តល់ស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់តាមខ្នងផ្ទះ។ 

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់មន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងការជំរុញ វាយតម្លៃការខូចខាតឱ្យបានរហ័ស ដើម្បីពិនិត្យការផ្តល់ជាពូជសម្រាប់ស្តារឡើងវិញ។ 

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម គីម វីរ: អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំបេសកកម្ម ចុះពិនិត្យ និងវាយតម្លៃការខូចខាតលើដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ នៅស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃ គ.ជ.គ.ម. មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ។ 

ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មានសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការជួយឧបត្ថម្ភ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គីម វីរ: បានគូសបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់រៀបចំសំណើជំនួយពូជស្រូវ ស្បៀងអាហារ និងវិធានការស្តារឡើងវិញ៕