គ្រួសារកូនភ្លោះ៣ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនាក់ ដែលកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ ព្រមទាំងយុវជនជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពី សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារកូនភ្លោះ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម នាយករងខុទ្ទកាល័យ បានឱ្យដឹងថា សកម្មភាពមនុស្សធម៌ក្នុងការឧបត្ថម្ភគាំទ្រដល់គ្រួសារដែលមានកូនភ្លោះ ៣ ឬ ៤នាក់ គឺជាទឹកចិត្តសណ្តោសប្រណី និងការគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដែលគិតមកទល់បច្ចុប្បន្នមានរយៈពេលជាង ២៧ឆ្នាំហើយ។ រយៈពេល ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបី ឬបួននាក់ សរុបចំនួន ៤៤៣គ្រួសារ មកហើយ ត្រូវបានទទួលការឧបត្ថម្ភជួយជ្រោមជ្រែង ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាព ពិសេសការចិញ្ចឹមបីបាច់កូនភ្លោះ។

ឯកឧត្តម បន្ថែមថា ការឧបត្ថម្ភនេះគឺស្មើភាពគ្នា មិនថាមាន ឬក្រ និងមិនប្រកាន់ពូជសាសន៍ឡើយ ឱ្យតែសម្រាលកូនភ្លោះ ៣ ឬ ៤នាក់ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ មរតកទឹកចិត្តមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ក៏ត្រូវ បានបង្ហូរបន្តយ៉ាងសកម្មមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ។ ឯកឧត្តម បន្ថែមថា សម្ភារ និងថវិកាដែលបានឧបត្ថម្ភរួមមាន៖ ថវិកា៖ ១០,០០០,០០០ រៀល (ដប់លានរៀល), អង្ករ ៥០ គីឡូក្រាម , ទឹកដោះគោ ២កេសធំ , ស្ករស ៥ គីឡូក្រាម , សារុង២ , ក្រមា២។

គ្រួសារកូនភ្លោះបីនាក់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយកតញ្ញូតាធម៌ចំពោះ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល តែងតែតម្កល់ទុក្ខលំបាក និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ៕