សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ែបៃហ្សង់ បង្កើនកិច្ចសហប្រតិបត្តិការជំរុញធុរកិច្ច និងវិនិយោគ

ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក នីយ៉ាស អាលីហ្សាត (Niyaz Ali-zade) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការការពង្រឹងទំនាក់ទំនងស្ថាប័ន និងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់។

ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មទាំងពីរ ផ្លាស់ប្តូរព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច បច្ចុប្បន្នភាពសេដ្ឋកិច្ច និងគោលនយោបាយលើកទឹកចិត្តវិនិយោគពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ 

ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មទាំងពីរបានសម្តែង នូវក្តីសង្ឃឹមយ៉ាងមុតមាំថា ជំនួបពាណិជ្ជកម្មនាថ្ងៃនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ឱ្យកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀតនាពេលអនាគត។

កិច្ចប្រជុំការងារបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

គួររំលឹកថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរទើបបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា។

តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នា៖

ជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មរួមគ្នា។