ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធី ពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ (Shared Memory, Stronger Identity! Mémoire partagée, identité renforcée!)» ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារបន្ត ដើម្បីញ៉ាំងឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នេះ នៅដើមខែវិច្ឆិកា ខាងមុខ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវការកោតសរសើរចំពោះគណៈកម្មការចំពោះកិច្ចរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា និងអនុគណៈកម្មការទាំង៥ ដែលបានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គិតមកទល់ពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិកម្ពុជា មានគោលបំណង៖ (១)-លើកកម្ពស់ការចងចាំជាប្រវត្តិសាស្ត្រអំពីដំណើរវិវត្តរបស់ប្រទេសកម្ពុជា និងការពង្រឹងអត្តសញ្ញាណជាតិ (២)-ការបង្កើនការយល់ដឹងជាសាធារណៈ ទាំងក្នុងចំណោមមន្រ្តីរាជការ និងយុវជនជំនាន់ក្រោយ អំពីតួនាទីដ៏មានសារៈសំខាន់របស់បណ្ណសារជាតិដែលជាឃ្លាំងផ្ទុកនូវឯកសារប្រវត្តិសាស្ត្រ គតិយុត្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាបេតិកភណ្ឌជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មបណ្ណសារ និង (៣)-ជំរុញការទូតវប្បធម៌ តាមរយៈការផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរដោយផ្អែកលើភស្តុតាងទៅកាន់សហគមន៍អន្តរជាតិ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់គណៈកម្មការ និងអនុគណៈកម្មការទាំង៥ ឱ្យបន្តបញ្ចប់នូវផែនការសកម្មភាពការងាររបស់ខ្លួន តាមពេលវេលាដែលបានកំណត់ ហើយត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារខ្លឹមសារ, ការជ្រើសរើសវាគ្មិន និងអ្នកសម្របសម្រួលតាមប្រធានបទនីមួយៗ និងការរៀបចំស្តង់ពិព័រណ៍ ព្រមទាំងកិច្ចការមួយចំនួនទៀត។ ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់លើ ការងារផ្សព្វផ្សាយ និងការចងក្រងឯកសារ វីដេអូឯកសារ ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីព្រឹត្តិការណ៍ ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍ ក៏ដូចជាដើម្បីរក្សាទុកជាឯកសារដល់មនុស្សជំនាន់ក្រោយសិក្សាស្រាវជ្រាវ និងស្វែងយល់។


