ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំកំណត់ និងពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅតាមអង្គភាពនានារបស់ក្រសួងព័ត៌មាន មានភាពច្បាស់លាស់ ស្របតាមតួនាទី ភារកិច្ច និងមុខងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំកំណត់ និងពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដលម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារដែលបានដាក់ចេញ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារបន្ត ដើម្បីធានាឱ្យការរៀបចំកំណត់ និងពិពណ៌នាមុខតំណែងនៅតាមអង្គភាពនានារបស់ក្រសួងព័ត៌មាន មានភាពច្បាស់លាស់ ស្របតាមតួនាទី ភារកិច្ច និងមុខងាររបស់អង្គភាពនីមួយៗ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រៀបចំកំណត់ និងពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ គឺជាការងារសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រី ព្រមទាំងជាមូលដ្ឋានសម្រាប់ការវាយតម្លៃលទ្ធផលការងារ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការលើកកម្ពស់គុណភាពនៃការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ដូច្នេះតាមរយៈកិច្ចប្រជុំនេះ ក្រសួងព័ត៌មានបន្តជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងស្តង់ដារ ដោយផ្អែកលើការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅគាំទ្រដល់ការបំពេញបេសកកម្មរបស់ក្រសួងព័ត៌មាន និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការត្រួតស៊ីគ្នានៃភារកិច្ច និងធានាឱ្យការបែងចែកការងារមានភាពសមស្រប ស្របតាមជំនាញ សមត្ថភាព និងបទពិសោធន៍របស់មន្ត្រី។ ការកំណត់មុខតំណែងបានត្រឹមត្រូវ ក៏ជួយសម្រួលដល់ការតាមដាន វាយតម្លៃលទ្ធផលការងារ និងការកំណត់ទិសដៅអភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មានផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យអង្គភាពពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ពិនិត្យ និងកែសម្រួលខ្លឹមសារនៃការពិពណ៌នាមុខតំណែងឱ្យបានហ្មត់ចត់ និងច្បាស់លាស់ ដោយធានាឱ្យមានភាពស៊ីសង្វាក់គ្នារវាងរចនាសម្ព័ន្ធអង្គភាព តួនាទី ភារកិច្ច និងការអនុវត្តការងារជាក់ស្តែង ព្រមទាំងគោរពតាមគោលការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីគោលដៅនៃការងារនេះ គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន លើកកម្ពស់ការទទួលខុសត្រូវ និងជំរុញឱ្យមន្ត្រីគ្រប់រូបបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ វិន័យ និងប្រសិទ្ធភាព រួមចំណែកដល់ការលើកកម្ពស់គុណភាពការងារ និងការអនុវត្តបេសកកម្មរបស់ក្រសួងព័ត៌មានឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ៕