គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីប្រគល់សញ្ញាបត្រជូនសិស្សានុសិស្សមធ្យមសិក្សាបឋមភូមិឥស្លាម សម័យប្រឡង៖ ១០ វិច្ឆិកា ២០២៥ (SMU)

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងឯកឧត្តម DATO’ Haji Wan Roslan bin Wan Hamat ប្រធានគណៈកម្មការអប់រំឧត្តមសិក្សា បច្ចេកវិទ្យាបៃតង ឌីជីថល និងនវានុវត្តន៍ រដ្ឋកីឡាន់តាន់ប្រទេសម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម សម័យប្រឡង៖ ១០ វិច្ឆិកា ២០២៥ (SMU)។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ម៉ាន ណាវី សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន គណៈអ៊ីម៉ាំរាជធានី ខេត្ត គណៈអ៊ីម៉ាំក្រុង ស្រុក ខណ្ឌ ស៊ីម៉ាំម៉ាស្ជិទ លោកគ្រូ អ្នកគ្រូ លោក លោកស្រី អ្នកអាណាព្យាបាល និងសិស្សានុសិស្សប្រមាណជាង ៥៦០នាក់។

លោក អៀរ៉សាត ពិន យូសុះ សមាជិកអចិន្ត្រៃយ៍គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈកម្មការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម បានមានប្រសាសន៍ថា នេះជាលើកទី ២៤ ហើយដែលមូលនិធិឥស្លាមកីឡាន់តាន់ប្រទេសម៉ាឡេស៊ី បានសហការ រៀបចំប្រឡងសញ្ញាបត្រ (SMU) ដែលមានការរៀបចំលើកដំបូងកាលពីឆ្នាំ ២០០២។ ដំណើរនៃការរៀបចំប្រឡងនេះ ត្រូវបានសម្របសម្រួល និងរៀបចំចុះពិនិត្យផ្ទាល់ពីមេប្រយោគតំណាងមកពីមូលនិធិឥស្លាមកីឡាន់តាន់ប្រទេសម៉ាឡេស៊ី ហើយជារៀងរាល់ឆ្នាំ មូលនិធិឥស្លាមកីឡាន់តាន់ប្រទេសម៉ាឡេស៊ី តែងតែបញ្ជូនមេប្រយោគចំនួន ២នាក់ ដឹកនាំយកវិញ្ញាសាមកផ្ទាល់ និងដើម្បីមកត្រួតពិនិត្យដំណើរការនៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម (SMU) នៅកម្ពុជា។
លោកប្រធានគណៈកម្មការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម បានបន្តថា នៅឆ្នាំសិក្សា២០២៤-២០២៥ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៧៩ នាក់ ស្រី ៤៦នាក់ ថយ ៤០នាក់ បើធៀបនឹងសិស្សចុះឈ្មោះប្រឡងឆ្នាំសិក្សា ២០២៣-២០២៤។ ចំនួនសិស្សចូលរួមប្រឡងសរុប ៦៧នាក់ អវត្តមាន ៧នាក់ ដែលមកពី ៥សាលា ស្ថិតនៅក្នុង ៤ រាជធានី ខេត្ត រួមមាន៖ ខេត្ត ត្បូងឃ្មុំ រាជធានីភ្នំពេញ និងកំពត។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឥស្លាម ដែលមិនត្រឹមតែជាការវាស់វែងកម្រិតចំណេះដឹងរបស់ក្មួយៗ សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់គុណភាពអប់រំឥស្លាមនៅកម្ពុជា ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍសង្គមឌីជីថល និងសេដ្ឋកិច្ចចំណេះដឹងនាឆ្នាំ២០២៦នេះ។

ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បាននឹងកំពុងជំរុញយ៉ាង សកម្មនូវការកែទម្រង់ការគ្រប់គ្រងគ្រឹះស្ថានសិក្សា ការអភិវឌ្ឍសមត្ថភាព លោកគ្រូអ្នកគ្រូ និងការរៀបចំកម្មវិធីសិក្សា អប់រំឥស្លាមទាំងចំណេះដឹងទូទៅ និងចំណេះដឹងសាសនាដោយផ្តោតលើការបណ្តុះបណ្តាលស្មារតីឱ្យក្លាយជាមនុស្សពេញលេញ ដែលមានទាំងចំណេះដឹង សីលធម៌ គុណ ធម៌ វិន័យ និងការត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអភិវឌ្ឍ សង្គមជាតិ ក្នុង សម័យកាលបច្ចេកវិទ្យាទំនើប។

សមិទ្ធផលទាំងឡាយដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានរហូតមកដល់បច្ចុប្បន្ននេះ គឺអាស្រ័យដោយមានសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកកើតឡើងពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តរបស់សាងស្នាដៃដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលរួច អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងឯកឧត្តម DATO’ Haji Wan Roslan bin Wan Hamat ប្រធានគណៈកម្មការអប់រំឧត្តមសិក្សា បច្ចេកវិទ្យាបៃតង ឌីជីថល និងនវានុវត្តន៍ រដ្ឋកីឡាន់តាន់ប្រទេសម៉ាឡេស៊ី បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សានុសិស្សមធ្យមសិក្សាបឋមភូមិឥស្លាម សរុបចំនួន ៦១ នាក់ ស្មើ ៩៦.៨៣ភាគរយ ដែលមានសិស្សទទួលបាននិទ្ទេស៖ ល្អប្រសើរ ១ នាក់, ល្អណាស់ ៨ នាក់, ល្អ ២៦ នាក់ និងមធ្យម ៣២ នាក់៕