រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភាតរៈ។ គ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នា ដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។»

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ាបានបញ្ជាក់បន្ថែមពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភាតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់អ្នកជំងឺ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ មានក្តីរំពឹង ចំពោះបងប្អូនទាំងអស់ ដែលស្ថិតនៅលើនាវាវិស័យសុខាភិបាលទាំងអស់គ្នាដោយ «ការរៀនសូត្របន្តឥតឈប់ឈរ ប្រមូលផ្គុំគ្នា» ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់និងពង្រឹងគុណភាពកាន់តែប្រសើរទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម៖
១) ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការអភិវឌ្ឍសមត្ថភាពទាំងចំណេះជំនាញ ក្រមសីលធម៌ និងឥរិយាបថ ក្នុងការបម្រើសេវាគ្រប់ពេលវេលា ដើម្បីសុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដោយចេញពីបេះដូង ក្តីមេត្តា ករុណា។
២) ត្រូវបន្តវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាការបង្កើនចំណងមិត្តភាពដល់សហភាតរៈទាំងអស់គ្នា។ ចំណេះដឹងពីការរៀនសូត្រ គឺគ្មានដែនកំណត់។
៣) ត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីរិះរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងសមស្រប ដើម្បីភាពរីកចម្រើនសមត្ថភាពបុគ្គល ភាពរីកចម្រើនសម្រាប់អង្គភាព វិស័យសុខាភិបាល និងប្រទេសជាតិ។
៤) លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដោយត្រូវបង្ហាញនូវក្តីអាណិតស្រឡាញ់ ភាពទន់ភ្លន់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ព្រមទាំងយល់ចិត្ត និងអារម្មណ៍របស់គ្រួសារអ្នកជំងឺ។
៥) ជំរុញកិច្ចសហការអន្តរវិស័យ និងការចូលរួមពីសហគមន៍ ដោយចាត់ទុកការលើកកម្ពស់សុខុមាលភាពកុមារជាភារកិច្ចរួម។ ដូច្នេះត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការអប់រំផ្សព្វផ្សាយអាហារូបត្ថម្ភ ការចាក់វ៉ាក់សាំង និងអនាម័យ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ខាងលើនេះយ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មុននេះ។
ការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារនេះ ក្នុងគោលបំណងបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។ ប្រធានបទឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់នូវគោលបំណងរួមសាមគ្គីគ្នា ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាធនធានអនាគតសម្រាប់ប្រទេសជាតិ។ ពិតណាស់ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់យើង ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យខេត្ត ​ស្រុក និងវិស័យឯកជន ព្រមទាំងអង្គការដៃគូ។ សន្និសីទនេះ ក៏ជាការបង្កើតឱកាសទំនាក់ទំនង រួមគ្នាពិភាក្សារកដំណោះស្រាយ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពដល់មន្រ្តីសុខាភិបាលនៅគ្រប់កម្រិត ដើម្បីសុខុមាលភាពមាតា ទារក និងកុមារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។