ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន អញ្ជើញរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តវិមានតេជះ ហៅវត្តស្រះចក រាជធានីភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព ដើម្បីចូលរួមប្រតិបត្តិតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន ដែលបានលាចាកលោកទៅកាន់លោកខាងមុខ។

ពិធីកាន់បិណ្ឌ គឺជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិ និងជាបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយរបស់ប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ ប្រជាពុទ្ធបរិស័ទតែងនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ស្តាប់ព្រះធម៌ សូត្រមន្ត បង្សុកូល និងបំពេញកុសលតាមសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិមិត្តដែលបានចែកឋាន។

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីកាន់បិណ្ឌក៏ជាឱកាសសម្រាប់កូនចៅ និងក្រុមគ្រួសារជួបជុំគ្នា រំលឹកគុណបុព្វការីជន បង្ហាញសេចក្តីដឹងគុណ និងប្រតិបត្តិអំពើល្អ។ ពិធីនេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីកតញ្ញូ កតវេទី មេត្តាករុណា និងសាមគ្គីភាពក្នុងគ្រួសារ និងសង្គម៕