គំនិតច្នៃប្រឌិតរបស់យុវជនស្រទាប់យុវវ័យ ឆ្ពោះទៅកាន់ការកសាងស្មារតីជាតិនិយម និងមនសិការពលរដ្ឋល្អក្នុងយុគសម័យថ្មី

ការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិ មនសិការទទួលខុស ត្រូវ និងការចូលរួមរបស់យុវជនក្នុងសង្គម មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការអប់រំ និងការបើកឱកាសឱ្យពួកគេបានបញ្ចេញសមត្ថភាពជាក់ស្ដែងតាមរយៈសកម្មភាពសង្គម។ ស្មារតីនេះត្រូវ បានស្តែងឡើងយ៉ាងច្បាស់នៅក្នុងពិធីបិទជាផ្លូវការ និងការប្រកា សជ័យលាភីផ្ដាច់ព្រ័ត្រថ្នាក់ជាតិនៃគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ឆ្នាំ២០២៦ នៃកម្មវិធី «មនសិកាពលរដ្ឋល្អ» កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។

ថ្លែងក្នុងពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ស្មារតី និងគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សដែលបានចូលរួម។ ឯកឧត្តមបានគូស បញ្ជាក់ថា៖ ​«ការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញ និងជួយដល់សេដ្ឋកិច្ចជាតិ។ សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់យុវជន ព្រមទាំងការតម្រង់ទិសដល់យុវជន គឺជាការធានាបាននូវល្បឿននៃការអភិវឌ្ឍ និងស្ថិរភាព។»

ឯកឧត្តមបានបន្ថែមថា ពាក្យពេចន៍និងទស្សនវិស័យដែលប្អូនៗសិស្សានុសិស្សបានស្តែងចេញតាមរយៈគម្រោងនីមួយៗ មិនមែនត្រឹមតែជាការអះអាងនោះទេ ប៉ុន្តែជាការធ្វើចេញពីបេះដូង និងកម្លាំងចិត្តពិតប្រាកដ ដែលបណ្តុះបាននូវស្មារតីកក់ក្តៅសម្រាប់អនាគតនៃប្រទេសកម្ពុជា។

កម្មវិធី «មនសិកាពលរដ្ឋល្អ» ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៤ មក ដោយមានកិច្ចសហការយ៉ាងជិត ស្និទ្ធរវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបណ្តុះបណ្តាលសិស្សានុ សិស្សឱ្យក្លាយជាធនធានមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មានមនសិការស្នេហាជាតិ និងមានស្មារតីសាមគ្គីភាព ដើម្បីត្រៀមខ្លួនជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។

 ​

​បន្ទាប់ពីដំណើរការយ៉ាងសកម្មអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ កម្មវិធីបានស្វែងរកឃើញម្ចាស់ជ័យលាភីមេដាយមាសគម្រោងឆ្នើមថ្នាក់ជាតិ សម្រាប់សិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ដូចខាងក្រោម៖

​ជ័យលាភីមេដាយមាស ថ្នាក់ទី១០ បានទៅលើ៖

​-គម្រោង “ក្តីសង្ឃឹម” (ខេត្តកំពង់ធំ)

​-គម្រោង “ភាសាជាតិជាយាន” (ខេត្តកណ្តាល)

​-គម្រោង “ពន្លឺវិថីនៃភូមិព្រៃធំ” (ខេត្តសៀមរាប)

ជ័យលាភីមេដាយមាស ផ្នែកថ្នាក់ទី១១ បានទៅលើ៖

​-គម្រោង “សុបិនសិស្សជនបទ” (ខេត្តកំពង់ធំ)

​-គម្រោង “ស្នាមញញឹមក្រោមជម្រកសហគមន៍យើង” (ខេត្តសៀមរាប)

​-គម្រោង “ចំណេះក្នុងដៃសម័យឌីជីថល” (ខេត្តកណ្តាល)។

សមិទ្ធផលដ៏មានន័យទាំងអស់នេះ គឺជាសាក្សីបង្ហាញពីការតស៊ូ ខិតខំប្រឹងប្រែងធ្វើការជាក្រុមរបស់ប្អូនៗសិស្សានុសិស្ស និងជាពិសេសគឺការគាំទ្រ សម្របសម្រួលយ៉ាងស្វាហាប់ពីសំណាក់ក្រុមការងារថ្នាក់រាជធានី-ខេត្ត គ្រូបង្គោល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

​ការប្រកាសជ័យលាភីគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ឆ្នាំ២០២៦ មិនត្រឹមតែជាពិធីប្រគល់រង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាបង្អែកស្មារតីមួយដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាបន្តដើរតួនាទីជាភ្នាក់ងារនៃបម្រែបម្រួលវិជ្ជមាននៅក្នុងសហគមន៍។ តាមរយៈកិច្ចសហការរវាង ស.ស.យ.ក. និងក្រសួងអប់រំ យុវជន និងកីឡា កម្មវិធី «មនសិកាពលរដ្ឋល្អ» នឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតី ឆន្ទៈ និងសមត្ថភាពយុវជនកម្ពុជាគ្រប់ទិសទី ឱ្យសក្តិសមជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ខាងមុខ៕