ប្រធានាធិបតីនីហ្សេរីយ៉ាប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ! ក្រោយពីមានករណីធ្លាក់យន្តហោះកងទ័ពអាកាសសម្លាប់មនុស្ស២៥នាក់នៅរដ្ឋ Ondo

ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមដើម្បីស្វែងរកនិងប្រមូលសពមនុស្សទាំង២៥នាក់ ដែលបានជិះនៅលើយន្តហោះរបស់កងទ័ពអាកាសនីហ្សេរីយ៉ា ដោយវាបានធ្លាក់កាលពីថ្ងៃចន្ទនេះ នៅរដ្ឋ Ondo ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។ កងទ័ពអាកាសបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញថា យន្តហោះប្រភេទ ATR-42 នោះបានធ្លាក់ចុះ ខណៈ កំពុងដឹកអ្នកដំណើរចំនួន២០នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ ៥នាក់ទៀត ក្នុងបេសកកម្មធម្មតាឆ្ពោះទៅកាន់ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស។ មន្ត្រីនានាបានឱ្យដឹងថា យន្តហោះនេះបានបាត់សញ្ញាចេញពីប្រព័ន្ធរ៉ាដា ហើយក្រោយមកត្រូវបានគេរកឃើញថា វាបានធ្លាក់ចុះនៅជិតមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ស្ថិតក្នុងទីក្រុង Igbokoda ដែលស្ថិតនៅតាមបណ្តោយទន្លេក្នុងរដ្ឋ Ondo។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានប្រកាសកាន់ទុក្ខជូនដល់ជនរងគ្រោះរយៈពេល៣ថ្ងៃ និងបានបញ្ជាឱ្យបង្ហូតទង់ជាតិចុះពាក់កណ្តាលដងនៅទូទាំងប្រទេសដែរ ដើម្បីសម្តែងនូវការកាន់មរណទុក្ខចំពោះជនរងគ្រោះ។ ទំហំនៃការខូចខាត និងមូលហេតុនៃគ្រោះថ្នាក់នេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេគិតត្រឹមថ្ងៃនេះ។ យន្តហោះប្រភេទ ATR-42 នេះ ត្រូវបានកងទ័ពអាកាសនីហ្សេរីយ៉ាប្រើប្រាស់ជាញឹកញាប់សម្រាប់កិច្ចការស៊ើបការណ៍សម្ងាត់ៗ ការឃ្លាំមើល និងការឈ្លបយកការណ៍ ក៏ដូចជាសម្រាប់ការដឹកជញ្ជូនបុគ្គលិក និងសម្ភារៈផ្សេងៗជាដើមដូចសព្វមួយដង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ