គ.ជ.ប បើកយុទ្ធនាការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃដំបូងនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យជាក់ស្តែងអំពីដំណើរការការងាររបស់ក្រុមចុះឈ្មោះបោះឆ្នោត និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅសាលាឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យមើលសកម្មភាពការងាររបស់ក្រុមចុះឈ្មោះបោះឆ្នោត ព្រមទាំងសាកសួរអំពីដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យឈ្មោះ កែតម្រូវទិន្នន័យ និងចុះឈ្មោះបោះឆ្នោត។

ការចុះពិនិត្យនេះ មានគោលបំណងតាមដានការអនុវត្តការងាររបស់មន្ត្រីនៅមូលដ្ឋាន ពិនិត្យពីស្ថានភាពជាក់ស្តែងនៃការផ្តល់សេវា និងស្វែងយល់ពីបញ្ហាប្រឈមនានា ដែលអាចកើតមាន ដើម្បីផ្តល់ការណែនាំ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណើរការសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព និងធានាភាពពេញលេញ ត្រឹមត្រូវនៃបញ្ជីបោះឆ្នោត ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕