លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ និងយោធិនសោធននិវត្តន៍ ដើម្បីអបអរសាទរក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ

កំពង់ស្ពឺ​៖ ដោយមានការចង្អុលបង្ហាញ​​តម្រង់ទិសនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​ជ្រះថ្លាក្នុងព្រះពុទ្ធ​សាសនារបស់ ឯកឧត្តម​​​​​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ និងយោធិនសោធននិវត្តន៍ ដើម្បីអបអរសាទរក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ។

តាមរយៈការមានជំនឿ ចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលជាច្រើនបម្រើឱ្យការរីកចំរើននិងគង់វង្សនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរ បានមកធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន និងញាតកាគ្រប់សន្តាន ដែលទទួលមរណកាលទៅហើយ និងជាឱកាសបានជួបជុំក្រុមគ្រួសារ សាច់ញាតិដែលកំពុងរស់នៅទីជិតឆ្ងាយ និងជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់រយៈកាលត្រីមាស ចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា។ ពិសេសពិធីបុណ្យនេះ បានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើងថែមទៀតផង។

ថ្លែង​ក្នុងពិធីនាពេលនោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានសំណេះសំណាលជាមួយយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ និងយោធិនសោធននិវត្តន៍ដែលមានវត្តមានក្នុងការចូលរួម ព្រមទាំង​បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​រ​សួរ​សុខទុក្ខ​និងពាក្យជូនពរ ពីសំណាក់​​​ ឯកឧត្តម​​​​​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​ ចំពោះ​នាយទាហាន​ នាយទាហានរង​ និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ និង​យោធិនសោធននិវត្តន៍​ ព្រមទាំង​ក្រុម​គ្រួសារ​ ទាំងអស់ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ ក្នុង​ទឹកចិត្ត​ប្រពៃ​ថ្លៃថ្លា​ បានឧបត្ថម្ភជាថវិការ​ និងគ្រឿងឧបភោគ បរិភោគចែកជូនដល់ នាយទាហាន នាយទាហានរងនិងយោធិនសោធននិវត្តន៍ចំនួន ៤៧នាក់ផងដែរ។ ចំពោះយោធិនសោធននិវត្តន៍ទាំង៤៧នាក់​ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន៥០,០០០រៀល​ ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ១បាវ, ទឹកក្រូច១កេស, ទឹកសុទ្ធ១កេស​​​ និងចេក១ស្និតបន្ថែមទៀត។ ចំពោះនាយទាហាន នាយទាហានរង​ ដោយក្នុងម្នាក់ៗទទួលបាន​នូវ​ភេសជ្ជៈ​១កេស, ទឹកក្រូច១កេស, ទឹកសុទ្ធ១កេស​​​ រួមនិងចេក១ស្និតផងដែរ។

សម្រាប់ថវិការ​ក៏ដូចជា​​​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ដែលបានចំណាយក្នុងការឧបត្ថម្ភ​ ក្នុងពិធីសំណេះសំណាលនេះផងដែរ ដោយប្រើប្រាស់ទឹកបរិសុទ្ធ ហ្គេនស្បឿកចំនួន ៤៨កេស គិតជាថវិការស្មើ ៧២០,០០០រៀល,ទឹកបរិសុទ្ធ វី – អាកទីវ ចំនួន១៩៣កេស​​ គិតស្មើនិង​ ២,៨៩៥,០០០រៀល​ ភេសជ្ជៈ វី-ឡេមិនធីចំនួន១៥៦កេស ស្មើនិង ៥,៤៦០,០០០រៀល​​,ទឹកផ្លែឈេឺចំនួន៨៣កេស​​ ស្មើនិង ២,០៩៥,០០០រៀល,ស្រាបៀរ Krud ចំនួន ១៩៣កេស ស្មើនិង​ ១០,៦១៥,០០០រៀល,អង្ករចំនួន៤៧បេ(ស្មើ១,០៣៤គីឡូក្រាម) គិតជាថវិការស្មើ ៣,១០២,០០០រៀល,ចេក២៤០ស្និត គិតជាថវិការស្មើ​ ៤,៨០០,០០០រៀល​ និងថវិការ៤៧នាក់ ស្មើ ២,៣៥០,០០០រៀល​ ដែលសរុបជាថវិការទាំងអស់ស្មើនឹង​ ៣២,៣៧០,០០០រៀល៕