អាជ្ញាធរ ចាប់ផ្តើមឈូសឆាយ និងស្ថាបនាផ្លូវបេតុងចំនួន ៩ខ្សែ ក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពត ៖ គម្រោងស្ថាបនាផ្លូវបេតុងចំនួន ៩ខ្សែ ស្ថិតក្នុងខេត្តកំពត បានចាប់ផ្តើមដំណើរការឈូសឆាយ និងរៀបចំគ្រឹះជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមចាក់បេតុងនាពេលខាងមុខ ក្រោមការឧបត្ថម្ភគាំទ្រពី «មូលនិធិរ៉ែ» ក្នុងទិសដៅសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទទាំង ៩ខ្សែនេះ មានវិសាលភាពគ្របដណ្តប់លើបណ្តាស្រុក-ក្រុងមួយចំនួន ដូចជា ស្រុកទឹកឈូ (២ខ្សែ)៖ ឃុំព្រៃថ្នង៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៧៤៣ ម៉ែត្រ

ឃុំកណ្តោល៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៧៨៨ ម៉ែត្រ។ ស្រុកដងទង់ (៣ខ្សែ)៖ ឃុំដងទង់៖ ផ្លូវបេតុង ២ខ្សែ សរុបប្រវែង ១,១០០ ម៉ែត្រ ឃុំស្រែជាខាងជើង៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៥០០ ម៉ែត្រ។ ស្រុកឈូក (២ខ្សែ)៖ ឃុំល្បើក៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៥៣៧ ម៉ែត្រ ឃុំត្រពាំងភ្លាំង៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៤១២ ម៉ែត្រ។ ស្រុកបន្ទាយមាស (១ខ្សែ)៖ ឃុំស្តេចគង់ខាងលិច៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ១,៤២៨ ម៉ែត្រ។ ស្រុកអង្គរជ័យ (១ខ្សែ)៖ ឃុំតានី៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៤៤២ ម៉ែត្រ ក្រុងបូកគោ (១ខ្សែ)៖ សង្កាត់កោះតូច៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៣១៥ ម៉ែត្រ។

ការកែប្រែកញ្ចប់ថវិកាពីផលទុននៃវិស័យធនធានរ៉ែ យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្ទាល់នៅតាមមូលដ្ឋាននាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងផ្លាស់ប្តូរមុខមាត់តំបន់ជនបទឱ្យកាន់តែមានភាពរីកចម្រើន៕