ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការងាររដ្ឋបាល ជាមូលដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងារក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពស្ថាប័ន និងសមត្ថភាពរដ្ឋបាល គឺជាមូលដ្ឋានសំខាន់សម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន ជាពិសេសក្នុងបរិបទដែលវិស័យព័ត៌មាន និងសារព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង គឺជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងវិន័យរបស់មន្ត្រីរាជការ ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់ក្រសួងក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវឱ្យបានកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និងការទំនាក់ទំនង។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចូលរួមតម្រង់ទិសមតិសាធារណៈ ខណៈដែលការផ្លាស់ប្តូរនៃប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថលទាមទារឱ្យស្ថាប័ន និងមន្ត្រីមានសមត្ថភាពសម្របខ្លួន និងអភិវឌ្ឍជាបន្តបន្ទាប់។
ក្នុងទិសដៅនេះ ឯកឧត្តម នេត្រ ភក្ត្រា បានកំណត់វិស័យអាទិភាពចំនួន ៥ សម្រាប់ការពង្រឹងរបស់ក្រសួង រួមមាន៖ ១. ការដឹកនាំ ២. ប្រសិទ្ធភាពស្ថាប័ន និងការងារ ៣. ធនធានមនុស្ស ៤. ការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ និង ៥. ការទូតផ្នែកព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព តាមរយៈការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ការវាយតម្លៃលទ្ធផលការងារ ការគ្រប់គ្រងវត្តមាន និងការឈប់សម្រាក ព្រមទាំងការអនុវត្តនីតិវិធីរដ្ឋបាលឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិជាធរមាន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ធនធានមនុស្ស គឺជាអាទិភាពមួយរបស់យើង»។
ពាក់ព័ន្ធនឹងការងាររដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់លើការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាល ការរៀបចំឯកសារ ព្រមទាំងលំហូរ និងការចរាចរឯកសារ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងស្តង់ដារួម ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់នៃការបង្កើតបរិយាកាសការងារល្អ ការគោរពវិន័យ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការ ដោយចាត់ទុកថា ការគ្រប់គ្រងមន្ត្រីប្រកបដោយប្រសិទ្ធភាព និងការរៀបចំប្រព័ន្ធការងាររដ្ឋបាលច្បាស់លាស់ នឹងរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន។
ការគូសបញ្ជាក់ខាងលើនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល» នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នាសាលមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាង ៨០នាក់ ក្នុងនោះមានស្ត្រី ៤១នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានទាំង ៤ និងអង្គភាពចំណុះក្រសួងព័ត៌មាន ដើម្បីពង្រឹងចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស និងការងាររដ្ឋបាល។
នៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹង បទពិសោធន៍ និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ ដើម្បីរួមចំណែកពង្រឹងគុណភាពការងាររដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន សំដៅបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមឌីជីថល៕


