កម្មវិធី «មនសិកាពលរដ្ឋល្អ» រៀបចំការប្រកួតផ្ដាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ថ្នាក់ជាតិ ឆ្នាំ២០២៦
នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ កម្មវិធី «មនសិកាពលរដ្ឋល្អ» បាននិងកំពុងរៀបចំការប្រកួតផ្ដាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅដោយមានការសហការ និងដឹកនាំយ៉ាងយកចិត្តទុកដាក់រវាងក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
នៅក្នុងបទសម្ភាសន៍ផ្ទាល់ កញ្ញា ស្រេង ច័ន្ទមល្លិកា ប្រធានផ្នែកផ្សព្វផ្សាយនៃកម្មវិធី «មនសិកាពលរដ្ឋល្អ» បានអោយដឹងថា ការប្រកួតថ្នាក់ជាតិនៅពេលនេះ គឺជាការប្រមូលផ្តុំសិស្សានុសិស្សតំណាងឱ្យយុវជនមកពីបណ្ដារាជធានី-ខេត្តទាំង១២ នៃប្រទេសកម្ពុជា។ មុននឹងឈានមកដល់ជុំថ្នាក់ជាតិនេះ សិស្សានុសិស្សនីមួយៗបានឆ្លងកាត់ការប្រកួតប្រជែងជម្រុះយ៉ាងស្វិតស្វាញនៅតាមកម្រិតសាលារៀន និងកម្រិតរាជធានី-ខេត្តរួចរាល់ហើយ។
កញ្ញា ស្រេង ច័ន្ទមល្លិកា បានបញ្ជាក់បន្ថែមថា ការប្រកួតនេះត្រូវបានបែងចែកជាពីរថ្នាក់ គឺកម្រិតសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១។ តាមកាលវិភាគនៃការប្រកួត៖
-ថ្ងៃទី១ ជាការប្រកួតគម្រោងរបស់ក្លឹបសិក្សាកម្រិតថ្នាក់ទី១០ ចំនួន ១២គម្រោង។
-ថ្ងៃទី២ ជាការប្រកួតគម្រោងរបស់ក្លឹបសិក្សាកម្រិតថ្នាក់ទី១១ ចំនួន ១២គម្រោង។
-ថ្ងៃទី៣ ជាពិធីប្រកាសលទ្ធផល និងជ័យលាភី។
ប្រធានផ្នែកផ្សព្វផ្សាយរូបនេះបានសង្កត់ធ្ងន់ថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» គឺជាគម្រោងការសិក្សាផ្អែកលើការអនុវត្តជាក់ស្ដែង (Project-Based Learning) នៅក្នុងមុខវិជ្ជានិងមេរៀនមនសិកាពលរដ្ឋល្អ។ សិស្សានុសិស្សមិនត្រឹមតែរៀនទ្រឹស្ដីនៅក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបានចុះសិក្សាស្វែងយល់ពីបញ្ហានិងតម្រូវការជាក់ស្ដែងក្នុងសហគមន៍ រួចផ្តួចផ្តើមបង្កើតគម្រោងដោះស្រាយដោយផ្ទាល់ខ្លួន។
កញ្ញាបានបន្ថែមទៀតថា ជ័យលាភីពិតប្រាកដកើតមានឡើងតាំងពីសិស្សានុសិស្សទាំងអស់នោះបានចាប់ផ្តើមធ្វើគម្រោងនៅតាមសហគមន៍ និងសាលារៀនរបស់ពួកគាត់រួចស្រេចទៅហើយ ព្រោះវាជាចលនាដែលដាស់ស្មារតីយុវជនឱ្យចេះឈឺឆ្អាល ស្រឡាញ់សហគមន៍ ស្រឡាញ់ជាតិ និងបង្កើតការផ្លាស់ប្ដូរវិជ្ជមានប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបើកជាផ្លូវការដោយ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធី «មនសិកាពលរដ្ឋល្អ» ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្តុះបណ្តាល និងអនុប្រធានអនុគណៈកម្មការគ្រប់គ្រងនៃកម្មវិធី «មនសិកាពលរដ្ឋល្អ» ដែលបានផ្ដល់កិត្តិយសថ្លែងរបាយការណ៍ស្វាគមន៍ និងរួមគ្នាបើកការប្រកួតផ្ដាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ថ្នាក់ជាតិ ឆ្នាំ២០២៦។


