អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងមេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងរដ្ឋាភិបាលប្រទេសវៀតណាម ចុះអនុស្សរណៈលើការអនុវត្តគម្រោងសាងសង់ សាលាមិត្តភាព កម្ពុជា-វៀតណាម

ក្នុងឪកាសអញ្ជើញបំពេញទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នេះបើយោងតាមសេចក្ដីរាយការរបស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាយប់ថ្ងៃទី៥តុលា២០២៦នេះ។ លោកស្រីបានបន្តថា៖ថ្លែងក្នុងពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន បានគូសបញ្ជាក់ថា៖ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម”រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន ០១  និងបន្ទប់កុំព្យូទ័រចំនួន ០១ សម្រាប់សាលាបឋមសិក្សានិងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន ០១ បន្ទប់កុំព្យូទ័រចំនួន ០១ សម្រាប់សាលាអនុវិទ្យាល័យ ជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ (សម្រាប់សាលាទាំងពីរថ្នាក់) ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។ ឯកឧត្តមឧត្តមសេនីយ៍ត្រីក៏បានបន្ថែមទៀតថា គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លាអាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកសាងសង់។ ជាមួយគ្នាដែរ ដើម្បីឱ្យគម្រោងអាចដំណើរការទៅដោយរលូន ឯកឧត្តមឧត្តមសេនីយ៍ត្រី ក៏បានស្នើសុំការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញលើការងារចាំបាច់មួយចំនួនផងដែរ។

ជាកិច្ចឆ្លើយតបឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍ត្រីថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារចាំបាច់មួយចំនួនរួមមាន៖ ការរុះរើអគារចាស់ការរៀបចំការដ្ឋាន ការតប្រព័ន្ធទឹក ភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃអនុវត្តគម្រោងសាងសង់នេះ បើទោះបីជាអនុស្សរណៈនៃការយោគយល់គ្នាលើការអនុវត្តគម្រោងនេះនៅមិនទាន់បានចុះហត្ថលេខាក៏ដោយ ហើយឯកឧត្តមផ្ទាល់ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ជួយជំរុញឱ្យដំណើរការនៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូននិងជោគជ័យតាមការគ្រោងទុក។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបន្តថា៖ឆ្លៀតក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមអភិបាលក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងអំណរសាទរយ៉ាងថ្លៃថ្លារបស់ សម្តេចអគ្គម ហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា គ្រប់លំដាប់ថ្នាក់ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថ្នាក់ដឹកនាំនិងនាយទាហានទាំងអស់នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញក្នុងឱកាសនៃការអបអរសាទរខួបលើក ទី ៨១ នៃទិវាបុណ្យជាតិវៀតណាម ដែល បានប្រារព្ធឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ដើម្បីរំលឹកដល់ថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបាន នូវឯករាជ្យភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាពេលវេលាដ៏មានសារៈសំខាន់ បញ្ជាក់ពីគំរូវីរភាពដ៏អង់អាចរបស់ថ្នាក់ដឹកនាំ និងនាយទាហានវៀតណាមគ្រប់ជាន់ថ្នាក់ក្នុងការថែរក្សាការពារនូវឯករាជ្យភាព និងអធិបតេយ្យភាពសម្រាប់ប្រទេស និងប្រជាជាតិរបស់ខ្លួន។

លោកស្រីបន្ថែមទៀតថា៖ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ  ដែលបានជួយសម្របសម្រួល និងផ្តល់នូវជំនួយសាងសង់សាលារៀនប្រកបដោយស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។ ឯកឧត្តមអភិបាលបានបន្ថែមទៀតថា “សាលាមិត្តភាពកម្ពុជា-វៀតណាម” គឺមិនត្រឹមតែបាន រួមចំណែកបម្រើដល់វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរ ពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អស្របតាម ទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង”។

សូមបញ្ជាក់ជូនថា៖ គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំ២០២៦ កន្លងមកនេះ៕