ឯកឧត្តម ឡុង សេង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តព្រៃឆ្លាក់ ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីបុណ្យបានប្រារព្ធឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈ ថ្វាយព្រះរតនត្រ័យ សូត្រមន្ត នមស្សការ និងចម្រើនព្រះបរិត្ត ព្រមទាំងរាប់បាត្រ និងវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ បន្ទាប់មក មានពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងញាតិកាទាំង៧សន្តាន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ព្រមទាំងវេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
ពិធីបុណ្យកាន់បិណ្ឌ គឺជាប្រពៃណីសាសនាដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលតែងប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតា បុព្វការីជន សាច់ញាតិ និងញាតិមិត្តដែលបានទទួលមរណភាព។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋតែងនាំយកចង្ហាន់ ម្ហូបអាហារ ផ្លែឈើ និងនំចំណីទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសល និងរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។
ជាទូទៅ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងក្នុងអំឡុងខែភទ្របទ តាមប្រតិទិនចន្ទគតិ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ៕


