ក្រសួងពាណិជ្ជកម្ម គាំទ្រភាពជាដៃគូរវាង WSBIDA និង IARD ដេីម្បីលេីកកម្ពស់ស្តង់ដានៃការលក់រាយផលិតផលគ្រឿងស្រវឹង ប្រកបដោយទំនួលខុសត្រូវ ដើម្បីគាំទ្រដល់ស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពបុគ្គលិក

សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) បានចុះហត្ថលេខាលេីអនុស្សារៈនៃការយោគយល់គ្នា លេីគំនិតផ្តួចផ្តេីមរួមគ្នា ដើម្បីដាក់ដំណើរការ «កម្មវិធីឧត្តមភាពនៃការលក់រាយប្រកបដោយទំនួលខុសត្រូវ» នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលេីអនុស្សារៈនៃការយោគយល់គ្នា ត្រូវបានធ្វេីឡេីងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារហាយយ៉ាត់រីចេនសុី រាជធានីភ្នំពេញ ។ 

លោក Julian Braithwaite ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) បានថ្លែងថា៖ «កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ការអនុវត្តការលក់រាយប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា ស្របតាមការអនុវត្តល្អៗដែលទទួលស្គាល់ដោយអន្តរជាតិ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ និងនាំយកបទពិសោធពីទីផ្សារអន្តរជាតិ មកបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលជាក់ស្តែង ដែលសមស្របទៅនឹងបរិបទប្រទេសកម្ពុជា ដើម្បីឱ្យអ្នកលក់រាយគ្រប់ទំហំ អាចផ្ដល់ចំណេះដឹងដល់បុគ្គលិករបស់ខ្លួន ក្នុងការអនុវត្តប្រកបដោយមានទំនុកចិត្ត។ គោលដៅរបស់យើងគឺចង់ធ្វើឱ្យការលក់រាយប្រកបដោយទំនួលខុសត្រូវ ក្លាយជាការអនុវត្តខ្ជាប់ខ្ជួននៅទូទាំងវិស័យឧស្សាហកម្មលក់រាយ ស្របពេលដែលយើងបន្តសហការជាមួយដៃគូរបស់យើងនៅជុំវិញពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយផលប៉ះពាល់។

លោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) បានអោយដឹងថា «ការលក់រាយប្រកបដោយទំនួលខុសត្រូវ គួរតែក្លាយជាផ្នែកមួយនៃការធ្វើអាជីវកម្មប្រចាំថ្ងៃនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងនាំយកការប្តេជ្ញាចិត្តរបស់សមាគមនៅក្នុងវិស័យឧស្សាហកម្មលក់រាយដែលប្រកបទៅដោយទំនួលខុសត្រូវ ទៅដល់ចំណុចលក់ដោយផ្ទាល់ ដោយផ្តល់ឱ្យបុគ្គលិកផ្នែកលក់នូវជំនាញ និងទំនុកចិត្ត ដើម្បីអនុវត្តគោលការណ៍ទាំងនេះក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។ លោកបានអោយដឹងទៀតថា MOU ភាពជាដៃគូយុទ្ធសាស្ត្រនាពេលនេះ មានគោលបំណងលើកកម្ពស់ស្តង់ដាការលក់រាយ ប្រកបដោយទំនួលខុសត្រូវ តាមរយៈការបណ្តុះបណ្តាល និងឧបករណ៍សិក្សាតាមប្រព័ន្ធឌីជីថល ដើម្បីជួយដល់អ្នកលក់រាយ អ្នកគ្រប់គ្រង និងបុគ្គលិកផ្នែកលក់ ក្នុងការអនុវត្តគោលការណ៍នៃការលក់រាយប្រកបដោយទំនួលខុសត្រូវ ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃរបស់ពួកគាត់ជាមួយអតិថិជន។

គូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃMOU នេះ មានគោលបំណងជំរុញការអនុវត្តអាជីវកម្មលក់រាយបន្ថែមពីការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដោយការបង្កើតវប្បធម៌ទទួលខុសត្រូវ និងវិជ្ជាជីវៈនៅទូទាំងវិស័យលក់រាយ។ តាមរយៈការរួមបញ្ចូលគ្នារវាងបទពិសោធនៅក្នុងវិស័យ បទពិសោធអន្តរជាតិ និងចំណេះដឹងទីផ្សារក្នុងស្រុក។ កិច្ចសហការនេះនឹងគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តលក់រាយប្រកបដោយទំនួលខុសត្រូវ ដែលឆ្លើយតបទៅនឹងបរិបទនៃការលក់រាយនៅកម្ពុជា ស្របតាមការអនុវត្តល្អៗលំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងលើលទឹកចិត្តដល់អាជីវករក្នុងវិស័យលក់រាយ ឱ្យចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយផលប៉ះពាល់។