ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងជំរុញលចនាទេសចរក្នុងស្រុកនិងជួយគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន
ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ២០២៦ នៅខេត្តកំពត នាល្ងាចថ្ងៃទី៤ ខែតុលាឆ្នាំ២០២៦ នៅបរិវេណឆ្នេរកម្សាន្តមាត់ព្រែកកំពង់បាយ ខាងមុខរូបសំណាកប្រអប់ដៃសុភមង្គល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីបំផុសស្មារតីស្នេហារជាតិ មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌអរូបិយ សម្បត្តិនិងធម្មជាតិ ហើយវាជាផ្នែកមួយដើម្បីជួយជំរុញចលនាទេសចរក្នុងស្រុក និងជួយគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមបានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនៅខេត្តកំពត ព្រោះខេត្តកំពត ជាខេត្តដំបូងគេរបស់កម្ពុជា ដែលបានបង្កើតរូបសំណាកដ៏ទាក់ទាញជាច្រើន ក៏ដូចជាបានបង្កើតសម្បទាទេសចរណ៍សំបូរបែប ធ្វើឱ្យល្បីរន្ទឺទាំងនៅក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្រែក្លាយរដូវកាលបៃតង ឱ្យទៅជាឱកាសដើរកម្សាន្ត ស្វែងរកបទពិសោធន៍ថ្មីៗ ស្រូបយកថាមពលវិជ្ជាមានពីធម្មជាតិ ផ្តិតយកអនុស្សាវរីយ៍ ទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែក និងរួមគ្នាគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋានផងដែរ ស្របតាមទស្សនាទាន “ខ្មែរជួយខ្មែរ ខ្មែរជួយសេដ្ឋកិច្ចខ្មែរ ខ្មែរជួយទេសចរណ៍ខ្មែរ”។ រួមគ្នាពង្រឹងការតភ្ជាប់គោលដៅទេសចរណ៍ ដោយជំរុញការតភ្ជាប់ខេត្តតំបន់ឆ្នេរ (K4) ឱ្យក្លាយជាខ្សែទស្សនកិច្ចទេសចរណ៍ដ៏ទាក់ទាញ។ ដោយឡែក ម្ចាស់សណ្ឋាគារ ភោជ្ជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏សូមរួបរួមគ្នារៀបចំកញ្ចប់សេវាកម្មទេសចរណ៍ប្រម៉ូសិនពិសេស (Green Season Promotion) ឱ្យកាន់តែមានភាពទាក់ទាញជាងមុន។ ហើយឯកឧត្តមក៏បានស្នើដល់ រដ្ឋបាលខេត្តកំពត មន្ទីរទេសចរណ៍ ឱ្យជួយពិនិត្យ និងរៀបចំបញ្ជីមុខម្ហូបប្រចាំតំបន់ និងកំណត់ឱ្យបាននូវមុខម្ហូបអាហារណាមួយ ដែលជាអត្តសញ្ញាណរបស់ខេត្តកំពត ដែលវាជាជំហានថ្មីមួយទៀត ដើម្បីឆ្ពោះទៅកាន់ការទូតម្ហូបអាហារ និងទេសចរណ៍ម្ហូបអាហារនៅកម្រិតថ្នាក់ជាតិទាំងមូលតែម្តង។
ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង២០២៦នេះ បានចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ បន្តទៅសៀមរាប រួចទៅតំបន់អេកូទេសចរណ៍ភូមិភាគឦសាន និងបន្តមកតំបន់ឆ្នេរសមុទ្រ នៅខេត្តកំពត ដើម្បីបង្ហាញអំពីភាពស្រស់ស្អាត អត្តសញ្ញាណ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបក្នុងតំបន់នីមួយៗ។ ហើយព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង នឹងបិទបញ្ចប់នៅរាជធានីភ្នំពេញ ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង់នៅខេត្តកំពតមានកម្មវិធីជាច្រើនដូចជា៖ ការបង្ហាញស្នាដៃធ្វើម្ហូបអាហារ ការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល «និន្នាការ និងតម្រូវការទេសចរមូស្លីម» ស្តង់ពិព័រណ៍ទំនិញ និងផលិតផលខេត្តជាប់តំបន់ឆ្នេរទាំងបួន រួមទាំងខេត្តកំពង់ស្ពឺ និងតាកែវផងដែរ និងស្តងទំនិញទូទៅ ការសម្តែងសិល្បៈ និងតន្ត្រី ការប្រកួតកីឡាគុនខ្មែរ ចំបាប់កាច់ដៃ និងរត់ឆ្លងឧបសគ្គលើកំពូលភ្នំបូកគោ កីឡាកាច់ដៃជាដើម។ ហើយបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងដែរថា ពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ នៅខេត្តព្រះសីហនុ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


