ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តាមប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណង ដើម្បីទុកលទ្ធភាពឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជាការរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា វិស័យព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋយើងតែងតែគោរពប្រតិបត្តិ និងរួមចំណែកកសាងអភិវឌ្ឍទីវត្តអារាមឱ្យរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ បន្តការរួបរួមគ្នាក្នុងការឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេល ៣ខែ ក្នុងទីអារាម ដើម្បីទ្រទ្រង់ដល់ការផ្សព្វផ្សាយ និងការប្រតិបត្តិធម៌វិន័យ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមទីវត្តអារាម ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរ និងបំពេញកុសលទានក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ។

នាឱកាសនេះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន រួមមាន៖ គ្រឿងឧបភោគបរិភោគ និងបច្ច័យសរុបជាង ៥លានរៀល សម្រាប់ចាត់ចែងកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្តព្រះពុទ្ធមណ្ឌលគិរីផងដែរ៕