
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ សមាគមសម្ពន្ធ័ខ្មែរចិន នៅកម្ពុជា ដឹកនាំដោយ លោក សុក ហ៊ុយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ សមាគមសម្ពន្ធ័ខ្មែរចិន នៅកម្ពុជា ដឹកនាំដោយ លោក សុក ហ៊ុយ
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក សុក ហ៊ុយ អនុប្រធានក្រុមយុវជន នៃសមាគមសម្ពន្ធ័ខ្មែរចិន នៅកម្ពុជា និងជាប្រធានចាត់ការទូទៅ សារព័ត៌មាន ជាងហ្វា បាននាំយកនូវលិខិតអញ្ជើញជូន ឯកឧត្តម រដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងវេទិកាដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៣ ដែលរៀបចំរួមគ្នាដោយ China Media Group (CMG) និងរដ្ឋាភិបាល ប្រជាជននៃតំបន់ស្វយ័ត Guangxi Zhuang ហើយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន ។
គោលបំណងនៃវេទិកានេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាក់ស្តែងរវាងប្រទេសចិន និងអាស៊ាន និងដើម្បីរួមគ្នាលើកកម្ពស់ការកសាងផែនដីសន្តិភាព ភាពរុងរឿង ស្រស់ស្អាត និងមិត្តភាព។
នៅក្នុងកិច្ចពិភាក្សាការងារនេះដែរ លោក សុក ហ៊ុយ បាននាំយកនូវសៀវភៅចំនួន ២០ ក្បាល ជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាកម្រង សៀវភៅនិយាយអំពីការទទួលស្គាល់និងការយល់ដឹងពីប្រទេសចិន < ឧត្តមគតិនិងជំនឿរបស់ជនជាតិចិន > ដែលបានបកប្រែពីភាសាចិន មកជាភាសាខ្មែរ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអរគុណ លោក សុខ ហ៊ុយ នៃសមាគមសម្ព័ន្ធ ខ្មែរ-ចិន ដែលបានជូនសៀវភៅដ៏មានសារសំខាន់នេះមកក្រសួងព័ត៌មាន ហើយសៀវភៅទាំងនេះ នឹងចែកជូនដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយ ក្រសួងព័ត៌មាន ទុកសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បានអានយល់ដឹងទាំងអស់គ្នា ។
ទាក់ទងនឹងការអញ្ជើញរបស់ភាគីចិន ចូលរួមក្នុង វេទិកាដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៣ ដែលរៀបចំរួមគ្នាដោយ China Media Group នាដើមខែមិថុនា ខាងមុខនេះ ឯកឧត្តម រដ្ឋមន្រ្តី នឹងចាត់អោយតំណាងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងព័ត៌មាន ចូលរួមតាមពេលវេលា និងកម្មវិធីដែលគ្រោងរៀបចំឡើង ដើម្បីជាការចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ៕