ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាត្រៀមរួចរាល់ សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បានបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួល និងគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ក្នុងបទបង្ហាញនេះ ឯកឧត្តម នេត្រ ភក្ត្រា បានចែករំលែកអំពីយន្តការ និងការរៀបចំសំខាន់ៗ សម្រាប់សម្រួលដល់ការបំពេញបេសកកម្មរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន ៤៥ មកពី ១៧ ប្រទេស បានចុះឈ្មោះជាមុនរួចរាល់ ខណៈប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំពឹងថា នឹងមានអ្នកសារព័ត៌មានជាតិប្រមាណ ៥០០ នាក់ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលចូលរួម នឹងទទួលបានការសម្របសម្រួលតាមរយៈប្រព័ន្ធចុះឈ្មោះ និងការទទួលស្គាល់ជាផ្លូវការ ការផ្តល់ប័ណ្ណសម្គាល់ខ្លួន ព្រមទាំងការណែនាំពាក់ព័ន្ធនឹងការចូលរួម និងការបំពេញបេសកកម្ម។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស កម្ពុជាក៏បានរៀបចំយន្តការសម្របសម្រួលពាក់ព័ន្ធនឹងឧបករណ៍សារព័ត៌មាន និងការចូលមកបំពេញបេសកកម្មនៅកម្ពុជា។
ជាមួយគ្នានេះ កម្ពុជាបានរៀបចំមជ្ឈមណ្ឌលសារព័ត៌មាន ដែលនឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបម្រើការងារដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលនេះ នឹងមានកន្លែងធ្វើការសម្រាប់អ្នកសារព័ត៌មាន បន្ទប់សន្និសីទសារព័ត៌មាន សេវាអ៊ីនធឺណិត ការគាំទ្រផ្នែកបច្ចេកទេស និងសេវាចាំបាច់ផ្សេងៗ ដើម្បីសម្រួលដល់ការបំពេញបេសកកម្ម និងការផ្សព្វផ្សាយព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។
បន្ថែមពីនេះ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក៏មានការរៀបចំឱ្យមានការជួបជុំក្រុមអ្នកបច្ចេកវិទ្យា និង «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់បណ្តាប្រទេសនិយាយភាសាបារាំង ព្រមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។
ការត្រៀមរៀបចំទាំងនេះ គឺជាផ្នែកសំខាន់មួយនៃការងាររបស់អនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីធានាឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អាចបំពេញបេសកកម្មបានដោយរលូន ទទួលបានព័ត៌មានគ្រប់គ្រាន់ និងមានលក្ខខណ្ឌសមស្របសម្រាប់ការផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលទៅកាន់សាធារណជននៅកម្ពុជា និងសហគមន៍អន្តរជាតិ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF)។ ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី៕



