កីឡាករ កីឡាការិនី កាយសម្ព័ន្ធកម្ពុជា ប្រមូលផ្តុំហ្វឹកហាត់ធ្វើតេស្ដសមត្ថភាព ដើម្បីអភិវឌ្ឍន៍ផ្នែកបច្ចេកទេស

ការធ្វើតេស្ត តាមដាន និងវាយតម្លៃសមត្ថភាព របស់កីឡាករ-កីឡាការិនី ក្នុងក្រុមជម្រើសជាតិ ត្រូវបាន អនុវត្តតាមគ្រប់សហព័ន្ធជាតិ ដើម្បីបានដឹងពីភាពរីកចម្រើន តាមដំណាក់ កាលនីមួយៗ ក៏ដូចជាពិនិត្យនូវចំណុចខ្វះខាត របស់កីឡាករ-កីឡាការិនី ហើយធ្វើការរួមគ្នា ជាមួយសហព័ន្ធ និងក្រុមការ ងារគ្រូ ក្នុងការពិគ្រោះ និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីជំរុញបន្ថែមឲ្យឈានដល់គោលដៅសហព័ន្ធចង់បាន ពិសេសគឺការសម្រេចឲ្យបាននូវគោលដៅរួម គឺការស្វែងរកមេដាយជូនជាតិមាតុភូមិពីព្រឹត្តិការណ៍អន្ដរជាតិនានា ។

នេះជាប្រសាសន៍របស់ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅពេល ការធ្វើតេស្ដកីឡាករ-កីឡាការិនី ទាំងកំឡុងពេល និងក្រោយពេលប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា បានបន្ថែមទៀតថា ទោះបីមាន ឬគ្មានការប្រកួត តែការធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ ត្រូវបានអនុវត្តជាប្រចាំ ដើម្បីដឹងច្បាស់ពីការវិវឌ្ឍន៍ផ្នែកបច្ចេកទេស មេរៀន និងកម្រិតកាយសម្បទារបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក្នុងការហ្វឹកហាត់ប្រចាំ ឬប្រចាំដំណាក់កាលនីមួយៗ។

លោក ណយ ផាណា បន្ថែមទៀតថា សម្រាប់កីឡាកាយ សម្ព័ន្ធបានកំណត់ ៤ដំណាក់កាល សម្រាប់អនុវត្តក្នុងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ទី១-ដំណាក់កាលរៀបចំកម្លាំងកាយ-រាង្គកាយ, ទី២-ដំណាក់កាលរៀបចំត្រៀមការប្រកួត, ទី៣-ដំណាក់កាលប្រកួត និងទី៤-ដំណាក់កាលសម្រាក។ ក្នុងនាមកីឡាជំនាញ សហព័ន្ធបានអនុវត្ដបែបនេះតាំងពីដើមមក ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្របទៅតាមប្រតិទិនប្រចាំឆ្នាំសហព័ន្ធជាតិ និងអន្ដរជាតិ  ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹកនាំមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃការធ្វើតេស្ដមេរៀន កម្លាំងកាយ និងបច្ចេកទេសកម្លាំងកាយក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជាកាលពីថ្មីៗ នៅសាលដំបូលទូកកីឡាកាយសម្ព័ន្ធ នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

មន្ដ្រីជំនាញ ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដដែល បានឲ្យដឹងថា «ការធ្វើតេស្ដ គឺជាចំណុចសំខាន់ នៃការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ។ បើគ្មានការធ្វើតេស្ដ ឬតាមដានជាប្រចាំទេ យើងពុំអាចធ្វើឲ្យកីឡារបស់យើង ឈានដល់កម្រិតខ្ពស់ ឬអាចស្វែងរកលទ្ធផលមេដាយជូនជាតិបានទេ។ អ៊ីចឹងការហ្វឹកហាត់ គឺអនុវត្តបែបនេះជារៀងរាល់ឆ្នាំ» ៕

Screenshot
Screenshot
Screenshot
Screenshot