ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែកញ្ញា និងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចកន្លងមក ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សម សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយការិយាល័យជំនាញទាំង១១ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់ការលើកឡើងពីបញ្ហាប្រឈម និងសំណូមពររបស់លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ និងលោកនាយការិយាល័យរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចបានល្អប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។
ជាមួយគ្នានេះ ដើម្បីអនុវត្តតាមផែនការសកម្មភាពរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៦ និងផែនការសកម្មភាពរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំក៏ដូចជាផ្តល់អនុសាសន៍មួយចំនួន ដើម្បីកែលម្អនូវចំណុចអសកម្ម និងបានដាក់ជាទិសដៅបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦ ដូចខាងក្រោម ៖
១-គោរពបទវិន័យនគរបាលជាតិកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន
២-បន្តអនុវត្តតាមផែនការរបស់អគ្គស្នងដ្ឋានការនគបាលជាតិ និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ខិតខំស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនករណីធំៗ ឱ្យបានទាន់ពេលនិងឲ្យដល់ប្ញសគល់
៣-បន្តពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ពិសេសសំណុំឯកសារចូល-ចេញ នៅតាមការិយាល័យជំនាញនីមួយៗ
៤-បន្តស្រាវជ្រាវអនុវត្តដីកាដែលនៅសេសសល់ ដើម្បីឈានទៅចាប់ខ្លួនជនល្មើសយកមកអនុវត្តតាមច្បាប់
៥-រៀបចំបញ្ជី និងក្ដាប់ឱ្យបាននូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ និងបង្រ្កាប
៦-បង្កើនការអប់រំ និងរំលឹកដល់មន្ត្រីអនុវត្តច្បាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធីនិងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ
៧-បន្តការរំលឹករាល់លិខិតឆ្លើយតបផ្សេងៗនៅពេលផុតកំណត់ និងត្រូវធ្វើការឆ្លើយតបឱ្យបានលឿន
៨-ពង្រឹងការគ្រប់គ្រងត្រួតពិនិត្យបញ្ជីវត្តមាន មន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ធ្វើលិខិតអញ្ជើញ និងកិច្ចសន្យាចំពោះ មន្ត្រីអវត្តមាន ដោយគ្មានមូលហេតុ)
៩-បន្តពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញបទានភេរវកម្ម
១០-បន្តពង្រឹងការធ្វើរបាយការណ៍បូកសរុប ប្រចាំថ្ងៃ សប្តាហ៍ ខែ ឱ្យបានទៀងទាត់តាមការកំណត់ និងបន្តអនុវត្តការងារផ្សេងៗ ដែលនៅសេសសល់៕



