ពិភពលោកនឹងទៅជាយ៉ាងណា? ថ្ងៃនេះអ្នកជំនាញបញ្ជាក់ថាផ្ទាំងទឹកកកនៅប្រទេសស្វីសបានបាត់បង់បរិមាណកកជាង៥% ដោយសារសកម្មភាពរបស់មនុស្ស បង្ករឱ្យមានរលកកម្ដៅ

អ្នកជំនាញបានរាយការណ៍ថា ផ្ទាំងទឹកកកនៅប្រទេសស្វីស ដែលជាប្រទេសមានផ្ទាំងទឹកកកច្រើនជាងគេនៅក្នុងតំបន់ភ្នំអាល់ (Alps) បានបាត់បង់បរិមាណកករបស់ពួកវាចំនួន ៥.៥% ហើយនៅឆ្នាំនេះ ដែលជាអត្រាធ្លាក់ចុះខ្ពស់បំផុតជាលើកទីពីរមិនធ្លាប់មាន ដោយសារតែរលកកម្ដៅ និងការធ្លាក់ព្រិលតិចតួចនៅរដូវរងា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថាប័នតាមដានផ្ទាំងទឹកកកស្វីស ឬ (GLAMOS) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រស្វីស បានលើកឡើងថា៖ ផ្ទាំងទឹកកកនៅតំបន់ភ្នំអាល់គ្មានឱកាសអាចបន្តមានវត្តមានបានយូរអង្វែងនោះទេ ក្រោមលក្ខខណ្ឌបែបនេះ។ និន្នាការនេះកាន់តែធ្ងន់ធ្ងរឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។ អ្នកជំនាញបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បរិមាណទឹកកកនៅប្រទេសស្វីសបានថយចុះជិត១ភាគ៥។ របាយការណ៍នេះបានឆ្លុះបញ្ចាំងពីក្តីបារម្ភថ្មីៗដែលថា ការឡើងកម្ដៅភពផែនដីកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្វីបអឺរ៉ុប ដែលជាទ្វីបមួយមានការឡើងកម្ដៅលឿនជាងគេបំផុតនៅលើពិភពលោក។ លោក Matthias Huss ប្រធានស្ថាប័ន GLAMOS បានមានប្រសាសន៍ថា៖ ការឡើងកម្ដៅដែលយើងកំពុងជួបប្រទះនៅពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពមនុស្ស ១០០%។ គឺជាហេតុលផលដ៏សាមញ្ញ គឺមានតែប៉ុណ្ណឹងឯង។ លោកបានបន្ថែមថា៖ ប្រសិនបើគ្មានការបញ្ចេញឧស្ម័នដោយមនុស្ស ឬការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទេនោះ យើងនឹងមិនមានបញ្ហាកម្ដៅកើនឡើងដូចនៅពេលនេះឡើយ។ ការថយចុះនៃផ្ទាំងទឹកកកក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅប្រទេសស្វីស បានកើតឡើងនៅឆ្នាំ ២០២២ នៅពេលដែលកម្ដៅនៅរដូវក្តៅ ការធ្លាក់ព្រិលតិចតួចនៅរដូវរងា ដែលមានន័យថាព្រិលនៅលើផ្ទាំងទឹកកកជួយការពារកម្ដៅមិនឱ្យប៉ះផ្ទាល់ដល់ទឹកកក និងវត្តមានមិនធម្មតានៃធូលីពណ៌ក្រហមដែលហោះមកពីវាលខ្សាច់សាហារ៉ា បានធ្វើឱ្យផ្ទាំងទឹកកកប្រែពណ៌ងងឹត និងស្រូបយកកម្ដៅកាន់តែច្រើនឡើង៕

សម្រួលអត្ថបទ៖ សុផារិន្ទ