ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោនៅខេត្តព្រះវិហារនឹងជំរុញគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធបណ្តាញកសិករតេជោនៅខេត្តព្រះវិហារ ព្រមទាំងជំរុញគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងអនុប្រធានសមាគមបណ្តាញកសិករតេជោ សមាជិកមកពីអនុវិស័យដូចជា៖ វិស័យវារីវប្បកម្ម មាន់យកពង ការកែច្នៃជី ការដាំបន្លែសុវត្ថិភាព ការចិញ្ចឹមគោ ការចិញ្ចឹមទាយកពង ដើម្បីពិភាក្សាអំពីទិសដៅការងាររបស់សមាគម ការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធបណ្តាញកសិករតេជោនៅតាមមូលដ្ឋាន ព្រមទាំងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ដែលអាចចូលរួមលើកកម្ពស់ផលិតកម្មកសិកម្ម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមកិច្ចប្រជុំព្រមទាំងលើកឡើងពីសារៈសំខាន់នៃការពង្រឹងបណ្តាញកសិករដែលប្រកបរបរកសិកម្មលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តោតការយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់នេះ គឺដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្ត និងតំបន់ជុំវិញ ក្នុងគោលដៅបង្កើតការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលបានមករស់នៅក្នុងតំបន់នេះឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។