ពិធីចុះហត្ថលេខាលើកំណត់ត្រានៃការពិភាក្សាសម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ ជាមួយ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ពីធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្នុងបំណងបង្កើតកិច្ចព្រមព្រៀងទៅវិញទៅមកសម្រាប់ការអនុវត្តគម្រោងដោយភាគីទាំងពីរ និងឯកភាពលើផែនការលម្អិត នៃគម្រោងដូចមានចែងនៅក្នុងឯកសារ និងឧបសម្ព័ន្ធនានា ដែលនឹងត្រូវអនុវត្តក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលបានចុះហត្ថលេខានាពេលកន្លងមក។ គោលបំណងនៃគម្រោងនេះគឺដើម្បីធានាឱ្យមានការធ្វើបច្ចុប្បន្នភាពផែនទីនាវាចរណ៍អេឡិចត្រូនិក (ENCs) ប្រកបដោយភាពត្រឹមត្រូវ តាមរយៈការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើការផលិត ការធ្វើបច្ចុប្បន្នភាព និងការបោះពុម្ពផ្សាយផែនទីទាំងនោះ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ចំពោះការបន្តគាំទ្រដល់វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានាថាគម្រោងនេះផ្តល់អត្ថប្រយោជន៍យូរអង្វែង ឯកឧត្តមបានស្នើសុំឱ្យក្រុមការងារបច្ចេកទេសផ្តោតលើអាទិភាពចំនួនបី៖ ១.ពង្រឹងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ២. បង្កើនសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសរបស់កម្ពុជា និង ៣. គោរពតាមស្តង់ដាអន្តរជាតិពាក់ព័ន្ធ។



