អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមឆ្នាំ២០២៦ និងប្រកាសដាក់ឱ្យអនុវត្តផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ក្នុងឱកាសនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០»។
សប្តាហ៍គាំពារសង្គមកម្ពុជា លើកទី៥ ប្រព្រឹត្តទៅក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័ននៃប្រទេសមួយចំនួនក្នុងតំបន់។ ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធ មេរៀន និងឧត្តមានុវត្តន៍ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមក្នុងគ្រាពហុវិបត្តិ។
ថ្លែងក្នុងពិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកសាងប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈប្រមូលផ្តុំ និងមានសង្គតិភាព ស្របតាមអភិក្រមនៃវដ្តជីវិត និងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ទិសដៅនេះត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ និងវិសមភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងសមធម៌ក្នុងសង្គម។
ក្នុងរយៈពេល៣ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គមកម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ៗ រួមមាន៖
• ការពង្រីកការគ្របដណ្តប់នៃកម្មវិធីថែទាំសុខភាព ពីប្រមាណ៤,៧លាននាក់ ដល់ប្រមាណ៨,៥លាននាក់។ ក្នុងនោះ អ្នកទទួលផលពីមូលនិធិសមធម៌សុខាភិបាលកើនពីប្រមាណ២,៨លាននាក់ ដល់៤,៨លាននាក់ និងអ្នកទទួលផលពីរបបថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គម កើនពីប្រមាណ១,៩លាននាក់ ដល់៣,៧លាននាក់។
• ការពង្រីកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយចំនួនស្ត្រី និងកុមារដែលបានទទួលផលកើនពីប្រមាណ១,១លាននាក់ ដល់ប្រមាណ២,២៥លាននាក់។
• ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលគ្របដណ្តប់លើគ្រួសារក្រីក្រជាង៧៩ម៉ឺនគ្រួសារ មានសមាជិកប្រមាណ៣,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ ដោយរួមចំណែករក្សាលំនឹងជីវភាព និងទប់ស្កាត់ការធ្លាក់ចូលកាន់តែជ្រៅក្នុងភាពក្រីក្រ នៅពេលប្រឈមនឹងវិបត្តិ ឬគ្រោះអាសន្ន។ ក្នុងរយៈកាលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់។
ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះ គឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម។



