ថ្នាក់ដឹកនាំធនាគារជាតិ ឧទ្ទិសកុសលបិណ្ឌទី ៣ ជូនសាច់សារលោហិត និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការធនាគារជាតិ នៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី ៣ នៅវត្តបុទមវតី តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បី ទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត និង ដួងវិញ្ញាណក្ខ័នវីរយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី ៣ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃគង់ នៅវត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាផងដែរ ។
ពិធីបុណ្យ កាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់និងបច្ច័យ ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាល កិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។
ក្នុងពពិធីនេះដែរ ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្ត្រីរាជការ បុគ្គលិក និងប្រជា- ពលរដ្ឋមិនអាចបំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជាយើង ។ តាមរយៈនៃបុណ្យកុសល ដែលបាន ធ្វើឡើងក្នុងថ្ងៃបិណ្ឌទី៣នេះ លោកជំទាវបណ្ឌិត ក៏បានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុង បុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល ជាពិសេសវីរយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែន កម្ពុជា-ថៃនាពេលថ្មីៗកន្លងមក សូមឲ្យមនុញ្ញផលជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀង ឃ្លាតឡើយ ។
លោកជំទាវបណ្ឌិត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ព្រមទាំងបារមីដូនតាខ្មែរ និងអតីតមេទ័ពខ្មែរគ្រប់ជំនាន់ ជួយ តាមថែរក្សាការពារវីរកងទ័ព និងវីរនគបាលជាតិ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឱ្យទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ព្រះសង្ឃ ៤៥៧ អង្គ ដោយ ក្នុងមួយអង្គទទួលបានបច្ច័យ ៥ ម៉ឺនរៀល ចំណែកបច្ច័យដែលប្រមូលបានពីពុទ្ធបរិស័ទប្រមាណ ៨១ លានរៀល ត្រូវបានវេប្រគេន ដល់ព្រះសង្ឃ សម្រាប់ទុកកសាងសមិទ្ធផលនានានៅក្នុងវត្តបទុមវតី រាជវរារាម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា ៕



