ឯកឧត្តម នេត្រ ភក្ត្រា៖ ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ត្រូវការការចូលរួម និងការពិចារណាយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីបន្តកែលម្អខ្លឹមសារ និងត្រៀមដាក់ពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អ្នកជំនាញ និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងឯកសារសំខាន់ៗទាំងពីរ។

កិច្ចប្រជុំបានផ្តោតលើការពង្រឹងខ្លឹមសារនៃសេចក្តីព្រាងទាំងពីរ ឱ្យមានភាពច្បាស់លាស់ ស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងបរិបទនៃការវិវត្តរបស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពិនិត្យ និងរៀបចំឯកសារសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា គឺជាការងារដែលត្រូវការការចូលរួម និងការពិចារណាយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការងារនេះមានសារៈសំខាន់ក្នុងការធ្វើឱ្យវិស័យទូរទស្សន៍ និងសារព័ត៌មានកាន់តែទំនើប មានគុណភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបានជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងការរៀបចំឡើងវិញនូវច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវឈរលើមូលដ្ឋានប្រវត្តិ បញ្ហាប្រឈម ស្ថានភាពជាក់ស្តែង និងបរិបទនៃការវិវត្តក្នុងវិស័យ ដោយផ្អែកលើការសិក្សា ការពិចារណាច្បាស់លាស់ និងគោលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស គ.ប.ក. បានធ្វើរបាយការណ៍សង្ខេបអំពីដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន។

ជាមួយគ្នានេះ លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍ និងជាសមាជិកក្រុមការងារបច្ចេកទេស គ.ប.ក. បានធ្វើបទបង្ហាញអំពីឯកសារក្របខ័ណ្ឌទស្សនាទាន សម្រាប់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល។

លោកបានគូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បានក្លាយជាកម្លាំងចលករជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួមទាំងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ទូរគមនាគមន៍ សេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។

ការអភិវឌ្ឍទូរទស្សន៍ឌីជីថល តាមរយៈការផ្លាស់ប្តូរពីការផ្សាយតាមប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថល អាចរួមចំណែកបង្កើនប្រសិទ្ធភាព ផលិតភាព គុណភាព វិសាលភាព និងល្បឿននៃការបញ្ជូនទិន្នន័យ និងមាតិកាផ្សាយ ព្រមទាំងធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងបង្កើនឱកាសសម្រាប់ការចូលរួមរបស់វិស័យឯកជនក្នុងប្រតិបត្តិការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍។

លោកបានបន្ថែមថា ការអភិវឌ្ឍទូរទស្សន៍ឌីជីថល មិនត្រឹមតែជាការធ្វើទំនើបកម្មបច្ចេកវិទ្យាផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការនាំយកព័ត៌មាន និងមាតិកាទៅដល់ប្រជាពលរដ្ឋតាមគ្រប់ទម្រង់ និងគ្រប់ទិសទី ដោយផ្អែកលើគោលការណ៍ «ថ្មី ពិត លឿន ទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ» ដើម្បីផ្សារភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន។

ការពិនិត្យ និងកែលម្អសេចក្តីព្រាងទាំងពីរ គឺជាដំណាក់កាលសំខាន់ មុននឹងដាក់ចូលសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អ្នកជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងធានាថា គោលនយោបាយ និងច្បាប់ដែលត្រូវរៀបចំឡើង មានភាពសមស្រប និងឆ្លើយតបនឹងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា។

តាមរយៈការងារនេះ ក្រសួងព័ត៌មានបន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ឱ្យមានភាពច្បាស់លាស់ ស្របតាមស្ថានភាពជាក់ស្តែង និងអាចគាំទ្រដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕