ឯកឧត្តម ហេង សួរ បានទទួលអំណោយពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ស្មារតីស្នេហាជាតិមាតុភូមិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងការពារជាតិនៅតាមខ្សែបន្ទាត់ព្រំដែន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចូលរួមនូវអំណោយ តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តបតាមការអំពាវនាវរបស់ក្រសួង ខណៈគណៈប្រតិភូក្រសួងនឹងចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូន និងក្រុមគ្រួសារយុទ្ធជននៃកងពលតូចអន្តរាគមន៍លេខ៧ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានផ្តល់អំណោយជូនក្រសួង ក្នុងស្មារតី ”ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ” សម្រាប់យកទៅផ្តល់ជូនដល់វីរកងទ័ព និងក្រុមគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ និងក៏ជាការចូលរួមមួយដ៏សំខាន់ដើម្បីផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ ព្រមទាំងស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល។
អំណោយរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រួមមានថវិកាចំនួន ១០ ០០០ ដុល្លារអាម៉េរិក៕



